ក្រសួងយោធាតៃវ៉ាន់បាននិយាយថា លោកសេន យី-មីញ (Shen Yi-ming)នាយអគ្គសេនាធិការកងទ័ពតៃវ៉ាន់ និងមនុស្ស៧នាក់ផ្សេងទៀតបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពអាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី០២ មករា ។
មនុស្ស៥ នាក់ដែលជិះក្នុងឧទ្ធម្ភាគចក្រនេះដែរ បាននៅរស់ពីគ្រោះថ្នាក់នៅលើភ្នំ នៅខាងក្រៅទីក្រុងតៃប៉ិ។
ឧទ្ធម្ភាគចក្រនេះ បានកំពុងហោះចេញពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងអ៊ីឡាន់ សម្រាប់ការបំពេញកិច្ចការឆ្នាំថ្មី នៅពេលវាបានធ្លាក់។
មេបញ្ជាការកងទ័ពអាកាសលោកស្យុង ហូ-ជី បាននិយាយថាឧទ្ធម្ភាគចក្រនេះបានបាត់ពីប្រព័ន្ធរ៉ាដានៅ១៥នាទីបន្ទាប់ពីវាបានហោះឡើង ហើយថាក្រសួងនេះបានបង្កើតក្រុមការងារមួយដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
ក្នុងនាមជានាយសេនាធិការកងទ័ព ឧត្តមសេនីយ៍សេន យី-មីញ ទទួលខុសត្រូវត្រួតមើលវិស័យយោធារបស់កោះនេះប្រឆាំងនឹងចិន ដែលតែងគំរាមប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមចិនឡើងវិញ។
យោងតាមក្រសួងយោធាតៃវ៉ាន់ មនុស្ស១៣នាក់បានស្ថិតនៅក្នុងឧទ្ធម្ភាគចក្រUH-60M Blackhawkដែលធ្លាក់។វាបានចេញពីមូលដ្ឋានទ័ពអាកាសមួយនៅម៉ោង៧និង៥០នាទីព្រឹក តែជាង១០នាទីក្រោយវាបានបាត់ពីរ៉ាដានិងធ្លាក់នៅតំបន់ភ្នំដែលមានព្រៃក្រាស់។
សេន អាយុ៦៣ឆ្នាំ ទើបឡើងធ្វើជានាយសេនាធិការកងទ័ពកាលពីខែកក្កដា ក្រោយបំរើការជាមេបញ្ជាការទ័ពអាកាសតៃវ៉ាន់។
យោធាតៃវ៉ាន់ ប្រើឧទ្ធម្ភាគចក្រ Blackhawks អស់ពេលរាប់ទសវត្សរ៍ និងនៅឆ្នាំ២០១០ បានទិញឧទ្ធម្ភាគចក្រUH-Ms Blackhawkចំនួន៦០គ្រឿងទៀតពីអាម៉េរិកក្នុងតំលៃ៣,១ពាន់លានដុល្លារ។តាមពិតឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ទើបទទួលពីអាម៉េរិកកាលពីឆ្នាំ២០១៨ និងវាមានភារកិច្ចស្វែងរកនិងសង្គ្រោះ៕ប្រែសម្រួល៖វាសនា
លោកសេន យី-មីញ នាយអគ្គសេនាធិការតៃវ៉ាន់ ស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រលើភ្នំ