អតីតមន្ត្រី​បក្សប្រឆាំង​បង្កើត​បក្ស​ថ្មី​រំលឹក​ឈ្មោះ​កឹម​សុខា ​តែ​មិន​រំលឹក​សមរង្ស៊ី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដូច​អ្វីដែល​បានគ្រោង​ទុក​ អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។ គណបក្ស​ថ្មី​ដែល​ស្នើសុំ​បង្កើត​ឈ្មោះ “​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​”​។

​បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ​ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​ នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​និង​គោលបំណង​នៃ​ការបង្កើត​គណបក្ស​ថ្មី​។​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ “​អក្សរ​កាត់ គ​.​ខ​.​ស​.​ជ “ បាវចនា សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ​ ឈ្មោះ​ជា​ភាសាបរទេស Cambodian Nation Love Party (CNLP)​។​

​លោក​ខឺ​យ​ ស៊ី​នឿន​ តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា ​ការបង្កើត​គណបក្ស​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកប្រជាធិបតេយ្យ​និង​អ្នកស្នេហាជាតិ​ដែល​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ចុះ​តាម​មូលដ្ឋាន​បាន​ជួប​ពួកគាត់​អស់​រយៈពេល​កន្លងមក​។

​ដោយ​យល់ឃើញថា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​មានការ​ធ្លាក់ចុះ​នូវ​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយ​គណបក្សកាន់អំណាច​ និង​ការបែកបាក់​យ៉ាងខ្លាំង​រវាង​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​។​ជាហេតុ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​យើងទាំងអស់គ្នា​។​ការបង្កើត​គណបក្ស​ថ្មី​គឺ គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ មាន​គោលបំណង​ដើម្បី​៖ ១.​បន្ត​គោលដៅ​ស្មារតី​សង្គ្រោះ​ជាតិ ។​២.​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​៣.​បង្រួបបង្រួម​អ្នកស្នេហាជាតិ​និង​អ្នកប្រជាធិបតេយ្យ​៤.​ផ្សះផ្សា​ជាតិ (​ខ្មែរ​តែមួយ​) និង​៥. តស៊ូ​មតិ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​ខឺ​យ​ស៊ី​នឿន​បាន​បន្តថា​ ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ដែល​ទើប​បានដាក់​ពាក្យសុំ​បង្កើត​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​បើក​លំហ​​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិសេរីភាព​។​ការជួបជុំ​ប្រមូលផ្តុំ​សម្តែង​មតិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​សកម្មជន​ន​យោ​បាយ ​ទម្លាក់​រាល់​បទចោទប្រកាន់​នានា​និង​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ដល់​ពួកគាត់​ទាំងអស់គ្នា​។​ផ្តល់​យុត្តិធម៌​និង​ដោះលែង​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យមានសិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ។

​សូម​សហគមន៍​អឺរ៉ុប​មេត្តា​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ក្នុងការ​សម្រេចចិត្ត​នយោបាយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ដើម្បី​រក្សា​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​។​ជាការ​កត់សម្គាល់​ ស្ថាបនិកនៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទាមទារ​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា​។​ប៉ុន្តែ​មិនបាន​ទាមទារ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទណ្ឌិត​សមរង្ស៊ី​នោះទេ​។

​ការមិន​រំលឹក​ដល់​ឈ្មោះ​ទណ្ឌិត​សមរង្ស៊ី​ត្រូវបាន​ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​លោក​តាន់​ ទីន ​អះអាងថា​”​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​យើង​សរសេរ​តែ​ចំពោះ​ឯកឧត្តម​កឹម សុខា ។​ពីព្រោះ​យើង​មើលឃើញ​ហើយ​ថា​ឯកឧត្តម​កឹម​ សុខា​ សព្វថ្ងៃ​ស្ថិតនៅក្នុង​កាលៈទេសៈ​មួយ​លំបាក ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល ដែល​តាមឃ្លាំមើល​គាត់​”​។​

“​នៅ​ថ្ងៃទី​១៥​ខែមករា​ខាងមុខនេះ​តុលាការ​នឹង​បើកសវនាការ​។​ការទាមទារ​នេះ​គ្រាន់តែ​ចង់ឱ្យ​តុលាការ​ពិចារណា​ទៅលើ​សេចក្តីសម្រេច​ឱ្យមាន​ក្រមសីលធម៌​និង​រក​យុត្តិធម៌​ជូន​គាត់​(​កឹម​សុខា​)​។​ចំណែក​ឯកឧត្តម​សមរង្ស៊ី​គាត់​មិនទាន់មាន​យន្តការ​របស់​តុលា​ការដែល​ត្រូវ​កាត់ទោស​នៅឡើយ​ទេ​។​យើង​ទាមទារ​នេះ​គឺ​ចំ​ពេលដែល​កាលៈទេសៈ​ដែល​តម្រូវ​ការឱ្យ​យើង​ទាមទារ​បន្ទាន់​”​។​

​លោក​តាន់ ទីន បាន​បញ្ជាក់ថា រចនាសម្ព័ន្ធ​ខ្មែរ​ស្រឡាញ់​ជាតិ គឺ​នៅ​មិនទាន់​រៀបចំ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការឆ្លើយតប​ពី​ក្រសួងមហាផ្ទៃ​សិន​ថា​តើ​សម្រេច​ឱ្យ​បង្កើត​ឬ​មិនឱ្យ​។​ការបង្កើត​គណបក្ស​ថ្មី​នេះ​គឺ​ប្រមូល​អ្នកប្រជាធិបតេយ្យ​មួយចំនួន​ដែល​មិន​ជាប់​បម្រាម​ហាមឃាត់​ធ្វើ​នយោបាយ និង​បន្ត​គោលដៅ​សង្គ្រោះ​ជាតិ​។​

​គួរ​បញ្ជាក់ថា ស្ថាបនិក​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​, គណបក្ស​មានដូចជាៈ ១. លោក​កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ ២. លោក​ជីវ កត្តា អតីត​តំណាងរាស្ត្រ ៣. លោក​ស៊ឹម សុវណ្ណនី អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៤. លោក​ខឺ​យ ស៊ី​នឿន អតីត​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​។​៥.​លោក​តាន់​ទីន ​អតីត​ក្រុមការងារ​ខេត្តព្រៃវែង ៦.​លោក​សៀវ​មុត ​អតីត​ក្រុមការងារ​ខេត្តកណ្តាល​៧.​លោក​សុខ​វិបុល ​អតីត​ក្រុមការងារ​ខេត្តសៀមរាប ៨. លោក​អាន ធារ៉ា យុវជន​នៅ​រាជធានី​ភ្នំពេញ​។

​ស្ថាបនិក​គណបក្ស​ថ្មី​នេះ​មានដូចជា​លោក​កង​ គឹម​ហាក់​ លោក​ជីវ​កត្តា​ ដែលជា​អតីត​តំណាងរាស្ត្រ​លោក​ស៊ឹម ​សុវណ្ណនី ​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩៕S/Ha

​រូបថត​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទកាសែត​ស្តីពី​ការបង្កើត​គណបក្ស​ថ្មី រូប​សញ្ញា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...