​ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​ភោជនីយដ្ឋាន​Chezsophéa&Matthieu​ចំនួន​៣​ខ្នង​នៅមុខ​ប្រាសាទអង្គរវត្ត​ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៣​មក​ដែលមាន​លោកស្រី​អៀវ​សុ​ភ័​ក្រ​កញ្ញា​ជា​ម្ចាស់​បាន​។​លោកស្រី​ម្ចាស់​ហាង​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​របស់ខ្លួន​ទាំងស្រុង​ហើយ​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍ ដើម្បី​កែប្រែ​សោភ័ណភាព​និង​រៀបចំ​សណ្តាប់ធ្នាប់​មុខ​ប្រាសាទអង្គរវត្ត ។​

​ដំណើរការ​រុះរើ​នេះ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​ដឹកនាំ​ដោយ​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ដោយមាន​ការស្ម័គ្រចិត្ត​និង​ចូលរួម​យ៉ាងសកម្ម​ពី​ម្ចាស់​ភោជនីយដ្ឋាន​។​នេះ​ជាការ​បញ្ជាក់​ឱ្យដឹង​របស់​អាជ្ញាធរ​អប្សរា​នៅ​ព្រលប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។​

​លោកស្រី អៀវ សុ​ភ័​ក្រក​ញ្ញា បាន​លើកឡើងថា «​អង្គរ​ប្រៀបដូចជា​ផ្ទះ​ខ្ញុំ អង្គរ​បាន​ជួយ​ខ្ញុំ​ច្រើន ហើយក៏​ដល់ពេល​ដែល​ខ្ញុំ​ត្រូវ​ជួយ​អង្គរ​វិញ​ដែរ​។​ខ្ញុំ​ស្ម័គ្រចិត្ត​ដោយ​រីករាយ​នឹងចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​មិនមាន​ភាព​ថ្នាំងថ្នាក់​ឬ​ការបង្ខិតបង្ខំ​និង​ការ​ស៊ូ​ក​ប៉ាន់​ណាមួយ​ឡើយ​ក្នុងការ​រើ​សំណង់​នេះ​។

លោកស្រី​អៀវ​សុ​ភ័​ក្រ​កញ្ញា​ខ្ញុំ​ដឹងថា​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​កែលម្អ​ទីនេះ​ឱ្យមាន​សណ្តាប់ធ្នាប់​បរិស្ថាន​ស្អាត​មាន​អនាម័យ​ល្អ​ឱ្យមាន​កន្លែង​លក់ដូរ​ស្តង់ដារ​តែមួយ​ដើម្បី​លើកមុខ​មាត់​អង្គរ​និង​ប្រទេសជាតិ​ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើនឡើង​»​។

​ម្ចាស់​ភោជនីយដ្ឋាន​រូបនេះ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ជួយ​សម្រួល​ដល់​ការរុះរើ​នេះ​ប្រកបដោយ​ការយោគយល់​គ្នា​ទៅវិញទៅមក​។​លោកស្រី​ក៏​សង្ឃឹមថា​អាជីវករ​ទាំងអស់​នឹង​ស្ម័គ្រចិត្ត​ចូលរួម​កែលម្អ​សោភ័ណភាព​និង​សណ្តាប់ធ្នាប់​មុខ​ប្រាសាទអង្គរវត្ត​។​ដើម្បីឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ងាយស្រួល​អនុវត្ត​ការងារ​បាន​ទាន់ពេលវេលា​ដើម្បី​ជា​ប្រយោជន៍​រួមទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​តាំង​នាម​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​សូម​កោតសរសើរ​ដ៏​ស្មោះ​ដល់​លោកស្រី​សុ​ភ័​ក្រ​កញ្ញា​ដែល​ព្រម​សហការ​ជាមួយ​ក្រុមការងារ​ដោយ​សុ​ឆន្ទៈ​និង​ជា​គំរូ​ដ៏​ល្អ​គួរឱ្យ​គោរព​ចំពោះ​សណ្តាន​ចិត្ត​ក្នុងការ​ប្រគល់​ទីតាំង​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទីតាំង​នេះ​ឱ្យ​ក្លាយជា​ទីលាន​បដិសណ្ឋារកិច្ច​ទេសចរណ៍​កម្រិត​អន្តរជាតិ​មួយ​ដើម្បី​សេចក្តី​ថ្នូរ​និង​ភាព​ថ្កុំថ្កើង​ក្នុង​រមណីយដ្ឋាន​អង្គរ​។

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​អនុវត្ត​ការដោះស្រាយ​បញ្ហា​ប្រឈម​និង​ការរុះរើ​សំណង់​ជា​បណ្តើរៗ​ទៅតាម​ដំណាក់កាល​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យមាន​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច​ត្រឹមត្រូវ​និង​ទេសភាព​បរិស្ថាន​ល្អ​ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ​និង​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្តិ​សមជា​បេតិកភណ្ឌ​ពិភពលោក និង​ដួងព្រលឹង​របស់​ជនជាតិ​ខ្មែរ​គ្រប់រូប​។​

លោក​បន្តថា​នៅ​ចុងឆ្នាំ​២០២០​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច​ទេសចរណ៍​នឹង​សាងសង់​រួចរាល់​ដោយ​រួមមាន​ទាំង​សាល​ពិ​ព័រ​ណ៌​មណ្ឌល​បម្រើ​សេវាកម្ម​លំដាប់​អន្តរជាតិ​កន្លែង​លក់ដូរ​ក្នុងស្រុក​ដែលមាន​ស្តង់ដារ​រួម​និង​ចំណត​យានយន្ត​ល្អ​ស្អាត​។​រីឯ​នៅមុខ​អង្គរវត្ត​នឹង​រៀបចំ​ឱ្យមាន​ភាព​បៃតង​ដោយ​ការដាំ​ស្មៅ​និង​កូនឈើ​ដើម្បីឱ្យ​បរិស្ថាន​ស្អាត​និង​មាន​សារមន្ទីរ​លម្ហ​មួយ​ដែល​តាំង​ដោយ​រូបចម្លាក់​ផ្សេងៗ​ដើម្បីឱ្យ​ភ្ញៀវ​អាច​ដើរ​ទស្សនា​បាន​ទាំង​ក្នុង​និង​ក្រៅ​ប្រាសាទ​ជំនួស​ដោយ​ភាពកខ្វក់​និង​ភាពអនាធិបតេយ្យ​ដែលមាន​នាពេល​បច្ចុប្បន្ន​៕S/

​រូបភាព​÷​ម្ចាស់​ភោជនីយដ្ឋាន​Chezsophéa&Matthieu​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ដើម្បី​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​និង​គុណ​តម្លៃ​មុខ​ប្រាសាទអង្គរវត្ត​៕ (​អប្សរា​)​