លោក មី​គែល អា​តេ​តា (Mikel Arteta) បាន​ប្រាប់​កីឡាករ ម៉េ​សុ​ត អូ​ហ្ស៊ី​ល (Mesut Ozil) ថា អាច​ប្រឈម​នឹង​ការដក​ចេញពី​ក្រុម អា​សេណ​ល (Arsenal)​ប្រសិនបើ​មិន​គោរព​ទៅតាម​ការងារ ដែល​អ្នកចាត់ការ​រូបនេះ​បានកំណត់​។​
​ ​
​អូ​ហ្ស៊ី​ល បានចាប់ផ្តើម​ពីរ​ប្រកួត​ដែល​ដឹកនាំ​ដោយ​លោក អា​តេ​តា ហើយ​ទទួល​បានការ​កោត សរសើរ​ច្រើន អំឡុងពេល​កីឡាករ​រូបនេះ​បង្ហាញ​សមត្ថភាព​កាលពី​ថ្ងៃអាទិត្យ ដែល​ក្រុម Arsenal ប្រកួត​ចាញ់​ក្រុម​ឆេ​ល​ស៊ី ២-១​។​
​ ​
ការបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​អាល្លឺម៉ង់​រូបនេះ​នៅក្រោម​ការដឹកនាំ​របស់​លោក អា​តេ​តា បាន​បង្កើន​ក្តី​សង្ឃឹមថា ខ្សែបម្រើ​រូបនេះ​អាច​នឹង​វិល​ទៅរក​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន ក្នុងឋានៈ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ពិភពលោក​។​
​ ​
អូ​ហ្ស៊ី​ល មិនសូវ​មានឱកាស​ទេ ក្រោម​ការដឹកនាំ​របស់​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ខណៈពេល​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មាន​អារម្មណ៍​ថា​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ គ្មាន​វិន័យ ឬ​ថាមពល​ដែល​ស័ក្តិសម​នឹង​ទម្រង់​លេង​របស់លោក​នោះទេ​។ ចំណែក​លោក អា​តេ​តា បាន​ប្រាប់ អូ​ហ្ស៊ី​ល ថា នឹងត្រូវ​ជម្រុះ​ចោល​ប្រសិនបើ​មិន​គោរព​តាម​ការណែនាំ របស់លោក​។​
​ ​
នៅពេល​សួរនាំ​ថា តើ​លោក​ចង់​កសាង​ក្រុម​ជាមួយនឹង អូ​ហ្ស៊ី​ល ឬ​យ៉ាងណា​នោះ លោក អា​តេ​តា បាន​និយាយថា “​ទេ ខ្ញុំ​បញ្ចូល​គាត់​ក្នុង​ក្រុម ប្រសិនបើ​ខ្ញុំ​មើលឃើញថា ឥរិយាបថ ចេតនា​ហើយ​គាត់​យល់​ពីអ្វី​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​នៅទីនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉េ​សុ​ត អូ​ហ្ស៊ី​ល (Mesut Ozil)