រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អ៊ីសភើ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២មករាថា មានការចង្អុលបង្ហាញថាអ៊ីរ៉ង់ឬកម្លាំងដែលខ្លួនគាំទ្រអាចនឹងកំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត ដោយព្រមានថា”សកម្មភាពនេះបានផ្លាស់ប្តូរ”ហើយវាអាចថាសហរដ្ឋអាម៉េរិកប្រហែលជាត្រូវត្រៀមការពារខ្លួនជាមុនដើម្បីការពារអាយុជីវិតជនជាតិអាមេរិក។
លោកម៉ាក អ៊ីសភើ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ” មានការចង្អុលបង្ហាញមួយចំនួននៅទីនោះថា ពួកគេអាចនឹងកំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត។ នោះមិនមែនជារឿងថ្មីទេ … ឥឡូវនេះ យើងបានឃើញដូចនេះ រយៈពេល២ឬ៣ខែហើយ” ។
លោកបាននិយាយថា “ប្រសិនបើរឿងនោះកើតឡើងនោះ យើងនឹងចាត់វិធានការវាយប្រហារដើម្បីការការពារជាមុន ក៏ដូចជាការពារកងកម្លាំងអាម៉េរិកដើម្បីការពារអាយុជីវិតជនជាតិអាម៉េរិកផងដែរ”។
ក្រុមបាតុករដែលគាំទ្រដោយអ៊ីរ៉ង់ដែលបានគប់ដុំថ្មនៅស្ថានទូតអាម៉េរិកក្នុងការតវ៉ាអស់រយៈ២ថ្ងៃនោះបានដកថយកាលពីថ្ងៃពុធ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូនកងទ័ពបន្ថែម។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ពីបទរៀបចំអំពើហិង្សានេះ។ កាលពីថ្ងៃអង្គារ លោក បានគំរាមដើម្បីសងសឹកអ៊ីរ៉ង់ប៉ុន្តែបាននិយាយនៅពេលក្រោយមកថាលោកមិនចង់ធ្វើសង្គ្រាមទេ។
ការរំជើបរំជួលនៅខាងក្រៅស្ថានទូតអាម៉េរិកនៅទីក្រុងបាដាតបានកើតឡើងបន្ទាប់ពីការវាយឆ្មក់តាមអាកាសរបស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃអាទិត្យលើមូលដ្ឋានរបស់ក្រុមKataib Hezbollah ដែលគាំទ្រដោយរដ្ឋាភិបាលក្រុងតេអេរ៉ង់(អ៊ីរ៉ង់)។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថាការវាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្ស២៥ នាក់នោះ គឺជាការវាយប្រហារសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបានសម្លាប់អ្នកម៉ៅការអាម៉េរិកម្នាក់នៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន៕ដោយ៖សុខា/sn
រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អ៊ីសភើ