ដោយ:ម៉ារ៉ា/ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកថ្មចែកផ្លូវបណ្ដាលឱ្យដួលបោកក្បាលស្លាប់។ហេតុការណ៍នេះកើតឡើងកាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០២០ តាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
សពជនរងគ្រោះឈ្មោះ បឿន វិរៈ អាយុ២៨ ស្រុកកំណើត ភូមិពលី ឃុំព្រៃកន្ដៀង ស្រុកពានរ ខេត្តព្រៃវែង បន្ចុប្បន្នស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ប្រភពបន្តថា ម៉ូតូជនរងគ្រោះម៉ាកសង់ឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AS9808 ជិះទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុ បានវាជែងជាមួយរថយន្តក៏ជ្រុលទៅបុកថ្មទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលស្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទំនាក់ទំនងទៅមន្ត្រីជំនាញមកត្រួតពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕S/Ha