សភាលីប៊ីកាលពីថ្ងៃព្រហស្បតិ៍ទី២មករាបានថ្កោលទោសថាជា “អំពើក្បត់ជាតិ” ចំពោះអន្តរាគមន៍របស់យោធាតួកគីក្នុងការគាំទ្ររដ្ឋាភិបាល ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។

លីប៊ីត្រូវបានហ៊ុមព័ទ្ធដោយភាពច្របូកច្របល់ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូបានផ្តួលរំលំនិងសម្លាប់មេដឹកនាំផ្តាច់ការម៉ូអាម៉ា ហ្គាដាហ្វីក្នុងឆ្នាំ ២០១១ ដោយរដ្ឋអំណាចជាគូប្រជែងនៅភាគខាងកើតនិងខាងលិចកំពុងដណ្តើមអំណាចគ្នា។

សភាជាប់ឆ្នោតនៅភាគខាងកើតគឺជាសម្ព័ន្ធមិត្តជាមួយបុរសខ្លាំងយោធា ខាលីហ្វា ហាហ្វថា (Khalifa Haftar) ដែលកំពុងធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិរបស់អង្គការសហប្រជាជាតិ (GNA) ដែលដឹកនាំដោយលោក ហ្វាយ៉េស អាល់សារ៉ាច (Fayez al-Sarraj)។

លោកអេម៉ាយ៉េត ហ៊ូម៉ា អនុប្រធានសភាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “អាល់សារ៉ាចនិងអ្នកគាំទ្រគាត់បានស្នើសុំអន្តរាគមន៍ពីបរទេសនៅក្នុងប្រទេសលីប៊ី ដែលយើងចាត់ទុកថាជាអំពើក្បត់ជាតិ”។

សមាជិកសភាតួកគីកាលពីថ្ងៃព្រហស្បតិ៍នេះបានអនុម័តការដាក់ពង្រាយយោធាក្នុងការគាំទ្រដល់រដ្ឋាភិបាល GNA ដែលបានរងការវាយប្រហារដោយការវាយលុករបស់លោកហាហ្វថាប្រឆាំងនឹងរដ្ឋធានីចាប់តាំងពីដើមខែមេសា។

លោកហ៊ូម៉ានិយាយថា “ការប្រជុំបន្ទាន់នៃសភា” នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នៅក្នុងទីក្រុងបេងហ្គាហ្ស៊ីដើម្បីសិក្សាពីផលប៉ះពាល់នៃការរំលោភបំពានឥតលាក់លៀមដោយតួកគីនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីប៊ី។

ដោយអំពាវនាវឱ្យប្រជាជនលីប៊ីប្រមូលផ្តុំគ្នាគាំទ្រពីក្រោយកងទ័ពជាតិលីប៊ីរបស់លោកហាហ្វថា លោកហ៊ូម៉ានិយាយថា “ជំហានខុសឆ្គងដាក់ចេញដោយប្រធានាធិបតីតួកគីលោករីស៊ីប ថាយយីប អឺដូហ្គាន ដែលគាត់បង្ខំសភារបស់គាត់ឱ្យអនុម័តនោះ នឹងមានផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់”។

រដ្ឋាភិបាល GNA បានយកលេសការពារការស្នើសុំជំនួយពីតួកគីដោយផ្អែកលើហេតុផលថាវានឹងជួយលុបបំបាត់ការវាយលុករបស់លោកហាហ្វថាមកលើរដ្ឋធានី។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ហ្វាធី បាឆាហ្គា (Fathi Bachagha) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ថា “GNA មានសិទ្ធិការពារភាពស្របច្បាប់របស់ខ្លួននិងការពារជនស៊ីវិលប្រឆាំងនឹងការឈ្លានពានដោយបណ្តុំជនល្មើសរដ្ឋប្រហារ ដែលពួកគេខ្លួនឯងត្រូវបានគាំទ្រដោយភាគីបរទេស”។

តួកគីកាលពីខែវិច្ឆិកាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែនសមុទ្រនិងយោធាជាមួយរដ្ឋាភិបាល GNA ដើម្បីផ្តល់ការអន្តរាគមន៍យោធាដោយផ្ទាល់ពីតួកគីក្នុងការគាំទ្រដល់រដ្ឋបាលក្រុងទ្រីប៉ូលី។

យោងតាមលោកបាឆាហ្គារបស់ GNA កិច្ចព្រមព្រៀងនានាត្រូវបានសម្រេច “ដោយស្របច្បាប់និងបើកចំហ” មិនដូចកិច្ចព្រមព្រៀងរវាងកងកម្លាំងហាហ្វថានិងរដ្ឋនានា ដែលជួយឱ្យគាត់ជ្រើសរើស “ទាហានស៊ីឈ្នួល” ដោយលួចលាក់នោះទេ។

អារ៉ាប៊ីសាអូឌីតអេហ្ស៊ីបនិងអារ៉ាប់រួមអេមីរ៉ាតគាំទ្រលោកហាហ្វថា ហើយពួកគេទាំងអស់មានទំនាក់ទំនងតានតឹងឬមានកម្រិតជាមួយតួកគី និង អ្នកគាំទ្រ GNA មួយផ្សេងទៀតគឺ កាតា៕ ដោយ៖ កញ្ញាដាលីស

កងកម្លាំងហាហ្វថាបានវាយលុកទីក្រុងទ្រីប៉ូលីតាំងពីខែមេសា