ការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិកមួយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ ឈ្មោះកាសេម សូឡេម៉ានី និងអនុប្រធានកងកម្លាំងយោធាហាសេត អាល់-សាអាប៊ី(Hashed al-Shaabi)នៅអាកាសយានដ្ឋានក្រុងបាដាត ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រទី០៣មករា, នេះបើតាមការប្រកាសរបស់ក្រុមហាសេត ដែលជាផ្នែកមួយនៃកងកម្លាំងយោធាជាតិអ៊ីរ៉ាក់។
ក្រុមនេះបាននិយាយថា «អនុប្រធានក្រុម ហាសេត លោកអាប៊ូ ម៉ាឌី អាល់-មូហាន់ដីស និងប្រធានកងកម្លាំង គូត ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាម៉េរិកដែលបានផ្តោតលើរថយន្តរបស់ពួកគេនៅអាកាសយានដ្ឋានអន្តរជាតិក្រុងបាដាត»។
យោធាអ៊ីរ៉ាក់បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិនៅក្រុងបាដាត បានរងការវាយប្រហារដោយកាំជ្រួចស្រោចដូចទឹកភ្លៀងកាលពីរំលងអធ្រាត្រ។
ប្រភពសន្តិសុខ បាននិយាយថា គ្រាប់រ៉ុក្កែតបានវាយប្រហារលើក្បួនរថយន្តក្រុមហាសេតដោយបណ្តាលឲ្យស្លាប់មនុស្ស៩នាក់ រួមមានមេដឹកនាំសំខាន់ៗ។
ហាសេត(Hashed )ជាបណ្តាញមួយនៃក្រុមប្រដាប់អាវុធនិកាយស៊ីអាយ ដែលពួកគេភាគច្រើនមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលក្រុងតេអេរ៉ង់(អ៊ីរ៉ង់)ហើយក្រុមនេះត្រូវបានដាក់បញ្ចូលក្នុងកងកម្លាំងជាតិអ៊ីរ៉ាក់ជាផ្លូវការ។
លោក មូហាន់ដីស ជាអនុប្រធានរបស់ក្រុមហាសេត តែត្រូវគេទទួលស្គាល់ថាជាបុគ្គលមានឥទ្ធិពលក្នុងក្រុម។បុរសនេះត្រូវអាម៉េរិកដាក់ក្នុងបញ្ជីខ្មៅរបស់ខ្លួន។ចំណែក សូឡេម៉ា ដឹកនាំកងកម្លាំងគូត របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងក៏ជាតំណាងរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់។
កាលពីថ្ងៃអង្គារ ហ្វូងអ្នកគាំទ្រក្រុមហាសេត បានឡោមព័ទ្ធស្ថានទូតអាម៉េរិកទាំងកំហឹង ដោយសារតែអាម៉េរិកបានវាយប្រហារតាមផ្លូវអាកាសសម្លាប់យុទ្ធជនក្រុមជីវពល កាតាអេប ហេសបូឡា ចំនួន២៥នាក់។ក្រុមជីវពល កាតាអេប ហេសបូឡា ជាផ្នែកមួយនៃបណ្តាញហាសេត ដែលគាំទ្រដោយអ៊ីរ៉ង់។
អាម៉េរិកបានវាយប្រហារជាការសងសឹកការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅប៉ុន្មានថ្ងៃមុននោះដែលសម្លាប់អ្នកម៉ៅការអាម៉េរិកម្នាក់នៅអ៊ីរ៉ាក់៕ប្រែសម្រួល៖វាសនា/Ha
មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (ឆ្វេង)និងអាប៊ូ ម៉ាឌី អាល់-មូហាន់ដីស(ស្តាំ)ស្លាប់ក្នុងការវាយប្រហារដោយអាម៉េរិកកាលពីថ្ងៃសុក្រ
រថយន្តឆេះខ្ទេចដោយការវាយប្រហារកាលពីដើមថ្ងៃសុក្រនៅអាកាសយានដ្ឋានក្រុងបាដាត