កងទ័ពជើងទឹកអូស្ត្រាលីកាលពីថ្ងៃសុក្រទី៣ខែមករាបានប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ដែលជាប់នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលីដែលរងការខូចខាតដោយភ្លើងឆេះព្រៃនេះ ខណៈដែលអាកាសធាតុក្តៅនិងមានខ្យល់បានបង្កឱ្យភ្លើងឆេះកាន់តែខ្លាំងនៅទូទាំងរដ្ឋវិចធឺរៀ( Victoria) និងរដ្ឋញូវ សោត វេលស៍(New South Wales) ។
អភិបាលរដ្ឋ Victoria លោកដាញែល អ៊ែនឌ្រូវ បានប្រកាសស្ថានភាពគ្រោះមហន្តរាយលើកទីមួយដែលមិនធ្លាប់មានពីមុនមក ដោយក្រុមអាជ្ញាធរបង្ខំមនុស្សឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។
រដ្ឋNew South Wales បានប្រកាសស្ថានភាពអាសន្នផងដែរខណៈដែលអ្នកដើរលេងរាប់ម៉ឺននាក់ត្រូវបានជំរុញឱ្យចាកចេញពីឧទ្យានជាតិនិងតំបន់ទេសចរណ៍ដាច់ស្រយាល។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់នៅ រដ្ឋNew South Wales បានកើនឡើងដល់៨នាក់និងមានមនុស្សស្លាប់២នាក់នៅរដ្ឋVictoria ហើយមនុស្ស២៨នាក់នៅបាត់ខ្លួននៅឡើយ។
នាវា HMAS Choules និងនាវា Sycamore របស់កងទ័ពជើងទឹកអូស្ត្រាលីបានចាប់ផ្តើមជម្លៀសមនុស្សជិត១.០០០នាក់នៃចំនួនមនុស្ស៤.០០០នាក់ ដែលបានជាប់នៅទីក្រុងម៉ាល់ឡា គូតានៅរដ្ឋVictoria។
ក្រុមអ្នកព្យាករណ៍កំពុងព្រមានថា សីតុណ្ហភាពនឹងឡើងខ្ពស់ជាង៤០ អង្សាសេនៅថ្ងៃសៅរ៍ ដោយនឹងនាំមកនូវខ្យល់ខ្លាំងបក់ត្រឡប់មកវិញ ដែលបង្កភ្លើងឆេះព្រៃបន្ថែមទៀត។
រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃនៅរដូវនេះ បានឆេះបំផ្លាញដីព្រៃជាង៤លានហិចតានិងបំផ្លាញផ្ទះជាង១.០០០ខ្នង ៕ដោយ៖សុខា/sn
ភ្លើងឆេះព្រៃនៅអូស្ត្រាលី បានឆេះបំផ្លាញដីព្រៃជាង៤លានហិចតានិងបំផ្លាញផ្ទះជាង១.០០០ខ្នង