ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លើសង្វៀនខារ៉ាបាវរបស់ អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី៤ មករា ២០២០ អ្នកប្រដាល់កម្ពុជា ហ៊ឹម គឹមរៀង ក្លិបតាព្រហ្មមានជ័យ នឹងជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ ណង ឡេក (Nong Lek) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។
គឹមរៀង ជាម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ចំពោះអ្នកប្រដាល់ថៃ ណង ឡេក វិញ នេះជាលើកដំបូង ហើយដែលគេ ឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ។ មិនមាន នរណាដឹងថា អ្នកប្រដាល់ថៃ រូបនេះខ្លាំង ឬខ្សោយនោះទេ តែគេបានបង្ហាញរូបថត ដោយមានបំពាក់ ខ្សែក្រវាត់ទៀតផង។
ប្រសិនបើនេះ ជាខ្សែក្រវាត់ផ្ទាល់ របស់គេមែននោះ បង្ហាញថា ណង ឡេក មិនខ្សោយនោះទេ ចំពោះគឹមរៀង គេជាអ្នកប្រដាល់ មាឌតូចវ័យក្មេង ដែលមានរបៀបវ៉ៃល្អរហ័ស គេមានចិត្តធំទៀតផង។ អ្នកប្រដាល់កម្ពុជា រូបនេះ មានប្រវត្តិប្រកួត ចំនួន២៤ដង ឈ្នះ២០ដង និងចាញ់ ៤ដង។
ចំពោះអ្នកប្រដាល់ថៃ ណង ឡេក វិញនោះ គេក៏ជាអ្នកប្រដាល់វ័យក្មេងដែរ ។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួត ចំនួន៣៥ដង ឈ្នះ២៩ដង និងចាញ់ ៦ដង។ ជំនួបមួយនេះ មិនដឹងថា ជ័យជំនះ បានទៅ ហ៊ឹម គឹមរៀង ឬ បានទៅ ណង ឡេក នោះទេ ។
កំពែង ខ្មៅ សមាគមប្រដាល់ក្រសួងកសិកម្ម ប្រកួតជាមួយអ្នកប្រដាល់ ចំណូលថ្មីថៃ មុជ ឈូរ៉ាច់ (Mouch Chourach) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ កំពែង ខ្មៅ ជាអ្នកប្រដាល់ ដែលមានផ្លែវ៉ៃល្អ តែកម្លាំងគេឆាប់ធ្លាក់ចុះណាស់ ។ គេវ៉ៃល្អមែនតែគេការពារខ្សោយ ហើយបើគូប្រកួតខ្លាំងជាងនោះ គេវ៉ៃចេញមិនរួចតែម្ដង ។ គេមានប្រវត្តិប្រកួត ចំនួន ៤៥ដង ឈ្នះ៣៥ដង ចាញ់៨ដង និងស្មើពិន្ទុ២ដង ។
ចំពោះ មុជ ឈូរ៉ាច់ វិញ គេទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។ មិនដឹងថា គេមានក្បាច់គុនអស្ចារ្យ ឬ ក៏មកដើម្បី ស្ពាយបរាជ័យ ទៅវិញនោះឡើយ ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៥៨ដង ឈ្នះ៤៥ដង ចាញ់១៣ដង ។ នរណាឈ្នះ ក្នុងការប្រកួតនេះ ?។
ជំនួបរវាង អ្នកប្រដាល់រួមជាតិវិញនោះ សៅ ជំនោរ ក្លិបថ្នល់ទទឹងគុនខ្មែរ ប្រកួតជាមួយ សាំង គីម ក្លិបអេភូថងកីឡា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ ថន ភឿត ក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ ជ័យ ប៊ុនសង់ ក្លិបគីសែមានរិទ្ធ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។
រិទ្ធ ប្រាក់បិន្ដ ក្លិបកងពលតូចលេខ៧០ ដែលបាត់មុខយូរនោះ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ ស៊ុន ប៊ុនសាន់ ក្លិបនាគរាជចតុមុខ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v