ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានចេញបញ្ជាឲ្យសម្លាប់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី ដែលបានស្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិកកាលពីថ្ងៃសុក្រទី៣មករា នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិអាម៉េរិក។
ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី ត្រូវបានសម្លាប់តាមបញ្ជារបស់ត្រាំ
ក្រសួងបាននិយាយថា« ឧត្តមសេនីយ៍ សូឡេម៉ានី ធ្វើផែនការយ៉ាងសកម្មដើម្បីវាយប្រហារអ្នកការទូតនិងទាហានអាម៉េរិកនៅអ៊ីរ៉ាក់និងនៅទូទាំងតំបន់នោះ។ឧត្តមសេនីយ៍ សូឡេម៉ានីនិងកងកម្លាំហគូត (Quds Force)របស់គាត់ទទួលខុសត្រូវចំពោះការស្លាប់ទាហានអាម៉េរិកនិងទាហានមកពីក្រុមចម្រុះជាតិសាសន៍រាប់ពាន់នាក់ និងបង្ករបួសស្នាមរាប់ពាន់នាក់ទៀត»។
តាមការបញ្ជាពីប្រធានាធិបតី យោធាអាម៉េរិកបានចាត់វិធានការដាច់ខាតដើម្បីការពារបុគ្គលិកយោធាអាម៉េរិកនៅបរទេស ដោយសម្លាប់ កាសេម សូឡេម៉ានី ដែលជាប្រមុខកងកម្លាំងគូតរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ជាអង្គការភេរវកម្មមួយដែលអាម៉េរិកដាក់ក្នុងបញ្ជីខ្មៅ។
ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី ជាបុគ្គលមានប្រជាប្រិយភាពបំផុតម្នាក់នៅអ៊ីរ៉ង់ និងជាសត្រូវស្លាប់រស់ម្នាក់ចំពោះអាម៉េរិកនិងសម្ពន្ធមិត្ត។បុរសនេះបង្ហាញឥទ្ធិពលតំបន់ជាសាធារណៈចាប់តាំងពីឆ្នាំ២០១៨ នៅពេលគេឯងដឹងថាគាត់បានចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់។
សូមបញ្ជាក់ថា មុនការស្លាប់របស់គាត់មួយថ្ងៃ ឧត្តមសេនីយ៍រូបនេះបានប្រកាសថា រដ្ឋាភិបាលក្រុងតេអេរ៉ង់មិនខ្លាចការគំរាមរបស់ប្រធានាធិបតីត្រាំ ក្រោយស្ថានទូតអាម៉េរិកនៅក្រុងបាដាតរងការឡោមព័ទ្ធពីពួកជីវពលគាំទ្រអ៊ីរ៉ង់។
លោកត្រាំបានព្រមានអ៊ីរ៉ង់ថានឹងសងនូវតម្លៃដ៏ធំមួយ បើសិនជាអាយុជីវិតពលរដ្ឋនិងទ្រព្យសម្បត្តិអាម៉េរិកនៅក្នុងតំបន់រងការវាយប្រហារ តែកាសេម សូឡេម៉ានី បានតបភ្លាមថា« យើងមិននាំប្រទេសចូលភ្នក់ភ្លើងសង្គ្រាមទេ តែយើងក៏មិនខ្លាចសង្គ្រាមណាមួយដែរ។យើងសូមឲ្យអាម៉េរិកនិយាយឲ្យបានត្រឹមត្រូវជាមួយប្រជាជាតិអ៊ីរ៉ង់»។
កាលពីថ្ងៃអង្គារ យុទ្ធជនជីវពលស៊ីអាយគាំទ្រអ៊ីរ៉ង់ប្រមាណ៦.០០០នាក់បានសម្រុកចូលស្ថានទូតអាម៉េរិកនៅក្រុងបាដាត ដោយដុតបំផ្លាញ និងស្រែក«ស្លាប់ទៅអាម៉េរិក!» ដើម្បីជាការសងសឹកការវាយប្រហាររបស់អាម៉េរិកដែលបានសម្លាប់យុទ្ធមិត្តរបស់គេ២៥នាក់។
ក្នុងពេលជាមួយគ្នា មេទ័ពអ៊ីរ៉ង់លោក ឧត្តមសេនីយ៍ អាប់ដុលរ៉ាហ៊ីម មូសាវី កាលពីថ្ងៃ០២មករាបាននិយាយថាកងកម្លាំងរបស់លោកត្រៀមខ្លួនរួចហើយដើម្បីប្រឈមមុខជាមួយសត្រូវ៕ប្រែសម្រួល៖វាសនា/Ha