សកម្មជនបម្រែបម្រួលអាកាសធាតុវ័យជំទង់ នាង ហ្គ្រេតា ថាន់បឺក បាននិយាយកាលពីថ្ងៃចន្ទទី៣០ធ្នូថា ការនិយាយជាមួយប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំនៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការឡើងកម្តៅផែនដី នឹងជាការខ្ជះខ្ជាយពេលវេលា ពីព្រោះគាត់នឹងមិនយកចិត្តទុកដាក់ទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Today របស់វិទ្យុ BBC កាលពីថ្ងៃព្រហស្បតិ៍ទី២មករា នាងថាន់បឺកនិយាយថា នាងបានចាត់ទុកការវាយប្រហារផ្ទាល់ខ្លួនរបស់ត្រាំមកលើនាងថាជារឿងគួរឱ្យចង់សើច ហើយនាងសង្ឃឹមថានឹងត្រឡប់ទៅរកជីវិតធម្មតាវិញ។

វីដេអូដែលបង្ហាញក្មេងស្រីស៊ុយអែតអាយុ ១៦ ឆ្នាំរូបនេះសម្លឹងសម្លក់លោកត្រាំស្ទើរជ្រុះគ្រាប់ភ្នែកនិងត្រូវបានប្រព័ន្ធផ្សព្វផ្សាយពិពណ៌នាថាជា “កែវភ្នែកមរណា” នៅឯកិច្ចប្រជុំអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីខែកញ្ញា បានល្បីពេញបណ្តាញសង្គម។

លោកត្រាំបានចោទជាមន្ទិលអំពីវិទ្យាសាស្ត្រអាកាសធាតុ ហើយដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការឡើងកម្តៅពិភពលោក។

នៅពេលសួរថាតើនាងនឹងនិយាយអ្វីទៅកាន់ប្រធានាធិបតី ប្រសិនបើអ្នកទាំងពីរបានជជែកគ្នា ថាន់បឺកនិយាយថា “និយាយដោយស្មោះ ខ្ញុំគិតថាខ្ញុំនឹងមិននិយាយអ្វីទាំងអស់ ពីព្រោះជាក់ស្តែងគាត់មិនស្តាប់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ ដូច្នេះហេតុអ្វីគាត់មកស្តាប់ខ្ញុំនោះ?”។

នាងនិយាយថា “ដូច្នេះខ្ញុំប្រហែលជាមិននិយាយអ្វីទាំងអស់ ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទេ”។

នៅខែនេះប្រធានាធិបតីប្រេស៊ីល ជែ បូលសូណារ៉ូ បានហៅថាន់បឺកថា “ក្មេងរប៉ិលរប៉ូច”។ លោកត្រាំបាននិយាយនៅលើបណ្តាញសង្គម Twitter ថានាងចាំបាច់ត្រូវប្រឹងប្រែងគ្រប់គ្រងកំហឹងរបស់នាង។

នាងនិយាយថា “ការវាយប្រហារទាំងនោះគឺគួរឱ្យចង់សើច ពីព្រោះការវាយប្រហារទាំងនោះគ្មានន័យអ្វីទាំងអស់។ ខ្ញុំគិតថា វាមានន័យអីផ្សេង។ ពួកគេខ្លាចយុវជនដែលនាំមកនូវការផ្លាស់ប្តូរដែលពួកគេមិនចង់បាន ប៉ុន្តែនេះគ្រាន់តែជាភស្តុតាងបង្ហាញថាយើងកំពុងធ្វើអ្វីមួយ ហើយពួកគេគិតថា យើងជាការគំរាមកំហែង”៕ ដោយ៖ កញ្ញាដាលីស

សកម្មជនបម្រែបម្រួលអាកាសធាតុវ័យជំទង់ នាង ហ្គ្រេតា ថាន់បឺក