ក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២មករាថាខ្លួនហាមរដ្ឋមន្ត្រីការពារជាតិគុយបាមិនឱ្យចូលសហរដ្ឋអាម៉េរិកដោយលើកឡើងពីអ្វីដែលខ្លួនបានហៅថាជាការរំលោភសិទ្ធិមនុស្ស ដោយសារតែរដ្ឋមន្ត្រីរូបនេះបង្ហាញការគាំទ្ររបបរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ។
ក្រសួងការបរទេសអាម៉េរិកបាននិយាយថា ឧត្តមសេនីយ៍ឡេអូប៉ុលដូ ស៊ីនត្រា ហ្វ្រីយ៉ាសរដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា”ទទួលខុសត្រូវចំពោះសកម្មភាពរបស់គុយបាក្នុងការគាំទ្ររបបឆ្វេងនិយមរបស់លោកនីកូឡាស ម៉ាឌូរ៉ូ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោកម៉ៃ ផមផេវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា”រួមជាមួយក្រុមន្ត្រីយោធានិងចារកម្មរបស់លោកនីកូឡាស ម៉ាឌូរ៉ូនោះឧត្តមសេនីយ៍ឡេអូប៉ុលដូ ស៊ីនត្រា ហ្វ្រីយ៉ាសបានពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សនិងការរំលោភបំពាននៅប្រទេសវ៉េណេស៊ុយអេឡាដោយរួមទាំងការធ្វើទារុណកម្ម ការព្រឹត្តអំពើឃោរឃៅ ការដាក់ទណ្ឌកម្មលើប្រជាជនវ៉េណេស៊ុយអេឡាចំពោះការសម្តែងមតិប្រឆាំងលោកនីកូឡាស ម៉ាឌូរ៉ូ។
លោកបាននិយាយថា ” ការបោះបង់លទ្ធិប្រជាធិបតេយ្យរបស់វេណេស៊ុយអេឡាដោយការបំភិតបំភ័យប្រជាជនវេណេស៊ុយអេឡាគឺជាគោលដៅរបស់ឧត្តមសេនីយ៍រូបនេះនិងរបបគុយបា”។
សេចក្តីប្រកាសនេះ ហាមឃាត់ លោកឡេអូប៉ុលដូ ស៊ីនត្រា ហ្វ្រីយ៉ាស និងកូន២នាក់របស់លោកមិនឱ្យចូលសហរដ្ឋអាម៉េរិក៕ដោយ៖សុខា/sn
ឧត្តមសេនីយ៍ឡេអូប៉ុលដូ ស៊ីនត្រា ហ្វ្រីយ៉ាស(រូបឆ្វេង)រដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា