លោកស្រី ខារ៉ូល ហ្គោសិន ដែលកាលពីមុនជាឥស្សរជនដ៏មានឥទ្ធិពលតែស្ងាត់ស្ងៀមម្នាក់ក្នុងពិភពម៉ូតសម្លៀកបំពាក់ក្រុងញូវយ៉ក បានលេចឮឈ្មោះសុះសាយដោយសារការចាប់ខ្លួនស្វាមីមហាសេដ្ឋីរបស់គាត់ ឈ្មោះ កាឡូស ហ្គោសិន និង ការហោះហើរគេចខ្លួនចេញពីប្រទេសជប៉ុន។
ភរិយាទី ២ អាយុ ៥៣ ឆ្នាំរបស់អតីតនាយក Nissan ដែលមានសញ្ជាតិលីបង់ដូចប្តីដែរនោះ បានដឹកនាំយុទ្ធនាការដើម្បីសេរីភាពស្វាមី ប៉ុន្តែថាតើតួនាទីអ្វីដែលលោកស្រីបានដើរក្នុងការរត់គេចខ្លួនរបស់ស្វាមីលោកស្រី នៅតែមិនទាន់ដឹងច្បាស់។
លោកស្រីខារ៉ូលបានជួបជុំជាមួយប្តីរបស់គាត់វិញកាលពីថ្ងៃចន្ទបន្ទាប់ពីប្តីបាននៅក្រៅឃុំនៅប្រទេសជប៉ុន កន្លែងដែលគាត់ត្រូវបានដាក់គុកនិងក្រោយមកត្រូវបានឃុំខ្លួនក្នុងផ្ទះដោយសារប្រព្រឹត្តខុសផ្នែកហិរញ្ញវត្ថុជាច្រើនករណី។
មិនសូវមានអ្នកស្គាល់ក្នុងប្រទេសកំណើតរបស់ខ្លួន សហគ្រិនឆើតឆាយរូបនេះជារឿយៗតែងត្រូវគេឃើញលេងស្ទីលសក់ពណ៌ទង់ដែង និងចំណាយពេលហ៊ឺហាភាគច្រើននៅសហរដ្ឋអាម៉េរិក។
ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោកស្រីបានឆ្លងកាត់ពិភពលោកទាំងមូលដោយដឹកនាំយុទ្ធនាការមួយដើម្បីជម្រះកេរ្តិ៍ឈ្មោះមិនល្អរបស់ប្តីលោកស្រី។
លោកស្រីខារ៉ូលមិនបាននៅជាមួយស្វាមីទេនៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៨ នៅពេលគាត់ត្រូវបានចាប់ខ្លួនយ៉ាងភ្ញាក់ផ្អើលនៅលើយន្ដហោះឯកជនរបស់គាត់នៅឯអាកាសយានដ្ឋានជប៉ុន ហើយលោកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានដឹងព័ត៌មាននេះពីចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
លោកស្រីត្រូវបានរារាំងមិនឱ្យជួបប្តីរបស់លោកស្រីទេក្នុងអំឡុងស្វាមីកំពុងជាប់ឃុំ ហើយដំបូងឡើយលោកស្រីបានរក្សាភាពស្ងៀមស្ងាត់អំពីករណីរបស់ស្វាមី ប៉ុន្តែលោកស្រីចាប់ផ្តើមមានវត្តមានឡើងវិញបន្ទាប់ពីប្តីគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅឯផ្ទះមួយនៅកណ្តាលទីក្រុងតូក្យូកាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ២០១៩៕ ដោយ៖ កញ្ញាដាលីស