ដោយ:មូលសម្បត្តិ/ភ្នពេញ ៖ លោកថោង ខុនអះអាងប្រាប់សារពត៌មានថាភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជិត១.៤លាននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យឆ្លងចូលឆ្នាំ២០២០។

រដ្ឋមន្ដ្រីរូបនេះបន្ថែមទៀតថាចំនួនភ្ញៀវទេសចរជិត១.៤លាននាក់នេះ មានការកើនឡើងប្រមាណ ២២.៧០ភាគរយ បើធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ៧.៦ ម៉ឺននាក់ធ្លាក់ចុះ៨.៩០ភាគរយ និងភ្ញៀវទេសចរជាតិ១.៣លាននាក់ កើនឡើង២៥.៣០ភាគរយ។

លោកថា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ប្រមាណ ៣៦ម៉ឺននាក់, ខេត្តសៀមរាបប្រមាណ ៣០ម៉ឺននាក់, ខេត្តព្រះសីហនុ ប្រមាណជិត១០ម៉ឺននាក់, ខេត្តកែប ប្រមាណ១៥ ម៉ឺននាក់, ខេត្តកំពត ប្រមាណ ជិត១៣ម៉ឺននាក់, ខេត្តកោះកុង ប្រមាណ ៣ម៉ឺននាក់, ខេត្តមណ្ឌលគិរី ប្រមាណ១ម៉ឺននាក់, ខេត្ត រតនគិរី ជិត៨ពាន់នាក់, បន្ទាយមានជ័យជាង២ម៉ឺននាក់, បាត់ដំបង ជិត៩ម៉ឺននាក់, កំពង់ឆ្នាំងជាង៣ម៉ឺននាក់, កំពង់ស្ពឺ ជាង២ម៉ឺននាក់ និងត្បូងឃ្មុំជិត៥ម៉ឺននាក់។

លោករដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងនូវការអរគុណដល់បុព្វហេតុសន្តិភាព។ ដែលសន្តិភាពនេះហើយបានអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត។

លោកបានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានភាពសប្បាយរីករាយ។

កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាង សង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕B/