ដោយៈស្រីលក្ខណ៍/ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០បានប្រកាស សាលក្រមលើសំណុំរឿងវរសេនីយ៍ទោ ឌួង ណាគ្រី អតីតអនុប្រធាននាយកដ្ឋាន នគរ បាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លើករណីបាញ់ប្រហារប៉ង សម្លាប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

សាលក្រមបានសម្រេច ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ បញ្ញត្តិច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។

គួររំលឹកថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ឌួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដំណើររឿង គឺជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ក់ រហូតមកដល់ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕B/