ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​គិត​ត្រឹម​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​នេះ​ជនរងគ្រោះ​ក្នុងករណី​ក្រឡាប់​រថយន្ត​ដឹក​សម្ភារ​រោងការ​មាន​ចំនួន​២​នាក់​ដែល​បាន​ស្លាប់​ខណៈដែល​១៧​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល​កំពុង​បន្ត​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​រថយន្ត​ដឹក​សម្ភារ​នោះ​និង​ត្រូវ​ដឹក​សម្ភារ​បម្រើ​ដល់​កម្មវិធី​អាពាហ៍ពិពាហ៍​មួយ​ក្នុង​ទឹកដី​នៃ​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា ហើយក៏​ជួប​ឧប្បទ្ទវ​ហេតុនេះ​។​

​មន្ត្រី​ការិយាល័យ​ចរាចរ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២​ខែ មករា​ឆ្នាំ​២០២០​ចំណុច​អូរ​តេ​ក្នុងភូមិ​ពូ​ក្រូច ឃុំ ស្រែ​អំពូ​ម ស្រុក ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ដោយ​រថយន្ត​ដឹក​រោងការ​ក្រឡាប់​ដោយ​ខ្លួនឯង​។​

សមត្ថកិច្ច​បន្តថា​មូលហេតុ​រថយន្ត​នោះ​បើកបរ​លឿន​ក្នុងស្ថានភាព​ផ្លូវ​ចំ​ចំណោទ​និង​ផ្លូវ​កោង​ខ្លាំង​ដោយ​តៃកុង ពុំ​សូវ​ស្គាល់ផ្លូវ​ទើប​រេ​ចង្កូត​បណ្តាលអោយ​ក្រឡាប់​តែម្តង​។​រថយន្ត​រងគ្រោះថ្នាក់​ម៉ាក hyundai ព៌​ណស ស្លាក​លេខ​3A 0067​ខេត្តក្រចេះ រួម​ដំណើរ​សរុប​ចំនួន​១៩​នាក់ ស្រី​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​១៨​នាក់​ស្លាប់​ស្ត្រី​ម្នា​ក់នៅ​និង​កន្លែង​ហើយ​ដឹក​ដល់​មន្ទីរ​ពេ​ទ្រ​ស្លាប់​បុរស​ម្នាក់ទៀត​។​

ក្រោយ​កើតហេតុ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ដឹកនាំ​ដោយ​អភិបាលខេត្ត​លោក​ស្វាយ​សំ​អ៊ាង បាន​ចុះសួរសុខទុក្ខ​និង​ផ្តល់ប្រាក់​ឧបត្ថម​ផងដែរ​៕S/​