ដោយ៖ឆាយានាថ/ភ្នំពេញ៖បេក្ខជនបេក្ខនារីចំនួន៥រូបបានដាក់ពាក្យសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងកម្មវត្ថុ“ស្នើសុំសម្តេចតេជោហ៊ុនសែនមេត្តាអន្តរាគមន៍ទៅគណៈកម្មការនាយករៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០” ។
អ្នកដាក់ពាក្យអន្តរាគមន៍ទាំង៥រូប ថ្លែងថា ក្នុងគោលបំណងនៃការសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុនសែនគឺដើម្បីជំរុញឱ្យមានតម្លាភាពលើលទ្ធផលនៃការប្រឡងលើវិញ្ញាសារសរសេរនិងវិញ្ញាសារផ្ទាល់មាត់។ពាក្យអន្តរាគមន៍នេះធ្វើឡើងក្រោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការបានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺរួចហើយដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ។
លោក គង់ ប៊ុនរិទ្ធ បេក្ខជនមួយរូបក្នុងចំណោម៥រូបដែលដាក់ពាក្យសុំអន្តរាគមន៍នេះថ្លែងនៅថ្ងៃទី៣ ខែមករា នេះ ថា ពាក្យសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន គឺ បានដាក់រួចរាល់ហើយ កាលពីរសៀលថ្ងៃទី២ខែមករាឆ្នាំ២០២០នេះ។លោកគង់ប៊ុនរិទ្ធអះអាងថាតាមរយៈជំនួបទាំង២លើកកន្លងមកនេះការស្នើសុំរបស់ពួកគាត់ពុំបានទទួលការឆ្លើយតបជាវិជ្ជមានណាមួយពីគណៈកម្មការនាយកដែលបង្ហាញឱ្យឃើញពីតម្លាភាពចំពោះលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ទេ។
ការស្នើសុំរបស់របស់ពួកគាត់ពុំមានគោលបំណងអ្វីក្រៅពីចង់ឱ្យមានការជ្រើសរើសធនធានមនុស្សមានសមត្ថភាពពិតប្រាកដមកបម្រើការងារលើវិស័យយុត្តិធម៌ជូនជាតិមាតុភូមិរបស់យើង ។ ចំពោះការឆ្លើយតបរបស់គណៈកម្មការនាយកគឺមិនស្របតាមការស្នើសុំរបស់ពួកគាត់អំពីការបង្ហាញ តម្លាភាពនៃការប្រឡងដែលការអនុវត្តបែបនេះពោលគឺកំពុងតែដើរផ្ទុយទៅនឹងគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សេចក្តីប្រកាសព័ត៌មាន របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថាដើម្បីបង្ហាញនូវតម្លាភាពភាពត្រឹមត្រូវនិងជំនឿទុកចិត្តក្នុងការអនុវត្តគោលការណ៍សម្រាប់ដំណាក់កាលនីមួយៗនៃការប្រឡងគឺមានការចូលរួមសង្កេតការណ៍យ៉ាងពេញលេញនិងដោយសកម្មពីអង្គភាពប្រឆាំងអំពើពុករលួយ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសូមវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០និងសូមលើកទឹកចិត្តចំពោះបេក្ខជនដែលមិនបានទទួលជ័យលាភីលើការប្រឡងប្រជែងលើកនេះ អោយបន្តខិតខំប្រឹងប្រែងចូលរួមប្រឡងប្រជែង នាឱកាសសម័យប្រឡងក្រោយៗទៀត ៕S/