បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បាននិយាយកាលពីព្រហស្បតិ៍ទី២មករាថា លោកប្រធានាធិបតីដូណាល់ ត្រាំ “បានបោះឈើគូសចូលប្រអប់រំសេវ” ដោយសារតែត្រាំបានដាក់គោលដៅសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ នៅក្នុងការវាយប្រហារតាមអាកាសនៅអាកាសយានដ្ឋានអន្តរជាតិក្រុងបាដាត។
អតីតអនុប្រធានាធិបតីរូបនេះបានចូលរួមជាមួយបេក្ខជនប្រជែងតំណែងនៅសេតវិមានដទៃទៀតរបស់បក្សប្រជាធិបតេយ្យក្នុងការរិះគន់បទបញ្ជារបស់លោកត្រាំ ដោយនិយាយថាវាអាចរុញអាម៉េរិកឱ្យស្ថិតនៅលើមាត់ជ្រោះនៃជម្លោះដ៏ធំមួយទៀតនៅទូទាំងមជ្ឈិមបូព៌ា។
មន្ទីរបញ្ចកោណបាននិយាយថា យោធាអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qassem Soleimani) ប្រមុខកងកម្លាំងគូត (Quds) របស់អ៊ីរ៉ង់នៅក្នុងទីក្រុងបាដាតនៅថ្ងៃសុក្រទី៣មករាតាមការចង្អុលបង្ហាញរបស់លោកត្រាំ។ ការវាយប្រហារនេះត្រូវគេរំពឹងថានឹងទាក់ទាញការសងសឹកពីអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងផលប្រយោជន៍អ៊ីស្រាអែលនិងអាម៉េរិក។ ក្រសួងការពារជាតិអាម៉េរិកនិយាយថា លោកសូឡេម៉ានី “កំពុងរៀបចំផែនការយ៉ាងសកម្មដើម្បីវាយប្រហារអ្នកការទូតអាម៉េរិកនិងសមាជិកកងទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់និងនៅទូទាំងតំបន់”។
លោក បឺនី សាន់ឌ័រ ព្រឹទ្ធសមាជិកមកពីរដ្ឋវើម៉ុន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់របស់លោកត្រាំកំពុងនាំឱ្យពួកយើងខិតទៅជិតសង្រ្គាមដ៏មហន្តរាយមួយផ្សេងទៀតនៅមជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់មិនអស់និងប្រាក់រាប់លានលានដុល្លារថែមទៀត”។
ក្រុមអ្នកប្រជាធិបតេយ្យបានទទួលស្គាល់ការគំរាមកំហែងរបស់លោកសូឡេម៉ានី ដោយព្រឹទ្ធសមាជិករដ្ឋម៉ាសសាឈូសសេតលោកស្រីអេលីហ្សាបេត វ៉ារិន បានហៅគាត់ថាជា “ឃាតកទទួលខុសត្រូវចំពោះការស្លាប់រាប់ពាន់នាក់រួមទាំងជនជាតិអាម៉េរិករាប់រយនាក់ផងដែរ”។
ទោះយ៉ាងណា លោកស្រីបានបន្ថែមថា “ចំណាត់ការដ៏ព្រហើនឥតកោតក្រែងរបស់លោកត្រាំបានបង្កើនស្ថានការណ៍តានតឹងជាមួយអ៊ីរ៉ង់និងបង្កើនលទ្ធភាពនៃការស្លាប់កាន់តែច្រើននិងជម្លោះថ្មីនៅមជ្ឈិមបូព៌ា”។
ពាណិជ្ជករឈ្មោះ អ៊ែនឌ្រូ យ៉ាង បានសរសេរនៅលើ Twitter ថា “សង្គ្រាមជាមួយអ៊ីរ៉ង់គឺជាជម្រើសចុងក្រោយ ដែលយើងត្រូវការ និង មិនមែនជាឆន្ទៈរបស់ពលរដ្ឋអាម៉េរិកទេ។ យើងគួរនាំគ្នាបន្ធូរបន្ថយភាពតានតឹងនិងការពារប្រជាជនរបស់យើងនៅក្នុងតំបន់”។
ការវាយប្រហារនេះក៏ទាក់ទាញការរិះគន់ពីសមាជិកបក្សប្រជាធិបតេយ្យដទៃទៀត ដែលមិនបានឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីដែរ។
ប្រធានសភាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី និយាយថា រដ្ឋបាលត្រាំបានរៀបចំការវាយប្រហារតាមអាកាសដោយគ្មានការប្រឹក្សាយោបល់ពីសភា ឬ ការផ្តល់សិទ្ធិប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់។ លោកស្រីនិយាយថា ការវាយប្រហារនេះ “ប្រថុយប្រថានបង្កការកើនឡើងអំពើហិង្សាដ៏គ្រោះថ្នាក់”៕ ដោយ៖ កញ្ញាដាលីស