​អ៊ីរ៉ង់ បាន​និយាយថា សត្រូវ​របស់​ខ្លួន​គឺ​សហរដ្ឋ​អាម៉េរិក ទទួលខុសត្រូវ​ចំពោះ​ផលវិបាក​ក្រោយ​ការសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់ខ្លួន លោក​កា​សេម​​សូ​ឡេ​ម៉ានី នៅក្នុង​ការវាយប្រហារ​តាម​ផ្លូវអាកាស​កាលពី​ថ្ងៃ​សុក្រ​នៅ​អាកាសយានដ្ឋាន​ក្រុង​បា​ដា​ត​។​

​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក អាយ៉ា​តុឡា អា​លី ខា​មេ​នី បាន​ព្រមាន​«​ធ្វើការ​សងសឹក​ខ្លាំងក្លា​»​លើ​«​ពួក​ឧក្រិដ្ឋជន​ដែល​ដៃ​ប្រឡាក់​ឈាម​បងប្អូន​របស់​ខ្ញុំ​»​និង​បាន​ប្តេជ្ញា​ថា «​ព្រះ​នឹង​បំបេញ​តាម​បំណង រីឯ​ការងារ​និង​ផ្លូវ​ដើរ​របស់គាត់​នឹង​មិន​ត្រូវ​បញ្ឈប់​»​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ក្នុងពេល​ជាមួយគ្នា បានបញ្ជាក់​អះអាងថា​មេបញ្ជាការ​កងកម្លាំង​គូត ត្រូវ​បាន​កងកម្លាំង​អាម៉េរិក​សម្លាប់​នៅ​ក្រុង​បា​ដា​ត ហើយ​រដ្ឋមន្ត្រី​​ការបរទេស​អ៊ីរ៉ង់ លោក​ចា​វ៉ាត ហ្សារី​ហ្វ បាន​រិះគន់​ទង្វើ​ឆោតល្ងង់​នេះ​និង​បាន​ថ្កោលទោស​វា​ថា​ជា «​ការបង្ក​រឿង​ដ៏​គ្រោះថ្នាក់​»​។​

​ទូរទស្សន៍​អ៊ីរ៉ង់​បាន​និយាយថា ការវាយប្រហារ​សម្លាប់​លោក​សូ​ឡេ​ម៉ានី ធ្វើឡើង​ដោយ​ឧទ្ធម្ភាគចក្រ​អាម៉េរិក​ជាច្រើន​គ្រឿង​។​

​សូ​ឡេ​ម៉ានី ជា​បុគ្គល​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​អ៊ីរ៉ង់​និង​ត្រូវបាន​គេ​មើលឃើញថា​ជា​សត្រូវ​របស់​អាម៉េរិក​និង​សម្ពន្ធ​មិត្ត​។​ទូរទស្សន៍​រដ្ឋ​បាន​ផ្អាក​ការចាក់​​ផ្សាយ​កម្មវិធី​ធម្មតា​របស់​ខ្លួន ដើម្បី​បរិយាយ​លម្អិត​អំពី​សមិទ្ធផល​របស់​មេ​បញ្ជាការ​រូបនេះ​នៅក្នុង​តំបន់ រួម​ទាំង​ការបំផ្លាញ​ផែនការ​របស់​អាម៉េរិក​ជាច្រើនលើក​​ផង​។​

​នៅ​អ៊ីរ៉ង់ អង្គការ​សន្តិសុខ​ជាន់ខ្ពស់​របស់​ប្រទេស​បាន​កោះប្រជុំ​ជា​បន្ទាន់ ហើយ​ក្រសួង​ការបរទេស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាម៉េរិក​​នឹង​សង​ចំពោះ​អំពើ​ព្រៃផ្សៃ​នេះ​។​

​បន្ទាប់​ពី​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ត្រូវបាន​អាម៉េរិក​សម្លាប់ អ៊ីស្រាអែល​ដែល​ជា​សម្ពន្ធមិត្ត​អាម៉េរិក​ហើយ​ដែល​មាន​ព្រំដែន​ជាប់​អ៊ីរ៉ង់​បាន​ស្ថិតក្នុង​សភាព​ប្រុង​​ជើងការ​ខ្ពស់ ក្រែង​មាន​ការ​គំរាម​មកពី​អ៊ីរ៉ង់​៕​ប្រែ​សម្រួល​៖​វាសនា​

​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក អា​លី ខា​មេ​នី បាន​និយាយថា​ការស្លាប់​របស់​សូ​ឡេ​ម៉ានី កាន់តែ​ពង្រឹង​ទឹកចិត្ត​ប្រឆាំង​អាម៉េរិក​និង​អ៊ីស្រាអែល