នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្កត់ ម័ររីសុន( Scott Morrison)បានប្រឈមមុខនឹងអ្នកស្រុកដែលខឹងសម្បារដែលបានស្រែកជេរប្រមាថលោកកាលពីថ្ងៃព្រហស្បតិ៍ទី២មករានៅពេលដែលលោកបានទៅពិនិត្យមើលតំបន់មួយនៃប្រទេសនេះ ដែលខូចខាតដោយដោយភ្លើងឆេះព្រៃ។
ពួកអ្នកស្រុកនៅភូមិ កូបាហ្គោ ក្នុងរដ្ឋញូវ សោត វេលស៍ បានស្រែកដាក់លោក ធ្វើកាយវិការចំអកដាក់ និងហៅលោកថាជាមនុស្សល្ងីល្ងើនិងដ៏គួរឱ្យស្អប់បំផុត ដោយរិះគន់លោកចំពោះកង្វះខាតឧបករណ៍ដើម្បីទប់ទល់អគ្គិភ័យនេះ។ ពួកគេបានស្រែកដាក់លោកនៅពេលរថយន្តរបស់លោក បានបើកចេញ។
នៅទីក្រុងកាអាម៉ា នៅរដ្ឋញូវ សោត វេលស៍អ្នកពន្លត់អគ្គិភ័យបានបដិសេធមិនចាប់ដៃជាមួយលោក។
អ្នកស្រុកនៅភូមិ កូបាហ្គោ បាននិយាយថា ” រាល់ពេលដែលតំបន់នេះមានទឹកជំនន់ឬមានអគ្គិភ័យនោះ យើងមិនទទួលបានអ្វីទាំងអស់។ ប្រសិនបើយើងជាអ្នកស្រុកនៅក្រុងស៊ីដនីឬនៅឆ្នេរសមុទ្រភាគខាងជើងវិញនោះ យើងនឹងទទួលបានជំនួយសង្គ្រោះបន្ទាន់” ។
ការខឹងសម្បារបានកើតឡើងខណៈដែលក្រុមអាជ្ញាធរបាននិយាយថាផ្ទះចំនួន៣៨១ ខ្នងត្រូវបានបំផ្លាញនៅរដ្ឋញូវ សោត វេលស៍នៅសប្តាហ៍នេះ។យ៉ាងហោចណាស់មានមនុស្ស ៨នាក់បានស្លាប់នៅសប្តាហ៍នេះនៅរដ្ឋញូវ សោត វេលស៍និងនៅរដ្ឋវិចធឺរៀ(Victoria) ដែលជារដ្ឋជិតខាង។
ភ្លើងឆេះព្រៃជាង ២០០កន្លែងកំពុងឆាបឆេះនៅរដ្ឋទាំង២ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅអូស្ត្រាលី៕ ប្រែសម្រួល៖សុខា/sn
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកជ្រែងហោរប៉ៅ ក្នុងពេលចុះទៅជួបប្រជាជននិងអ្នកពន្លត់ភ្លើង តែត្រូវពួកគេមិនចង់ចាប់ដៃ