ដោយ:ពៅ និមល/ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ និងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋា​ភិ​បាលកម្ពុជា តាមរយះបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកនិងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនរួច គិតជាទឹកប្រាក់សរុបចំនួនជាង៥៧ម៉ឺនលានរៀល ស្មើនឹងប្រមាណជាង​១៤លានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់ ប.ស.ស ចំពោះកម្មការិនីសម្រាលកូន ដែលកាសែតរស្មីកម្ពុជាទទួលបាននៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា បើប្រៀបធៀបនឹងរយៈពេល០១ឆ្នាំពេញ រវាងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានបើកនិងផ្តល់ប្រាក់ឧបត្ថម្ភស្ត្រីសម្រាលកូនរួច មានចំនួនច្រើនជាងឆ្នាំ២០១៨រហូតដល់ជាង០១លាន ២សែនដុល្លារ។ ក្នុងនោះសម្រាប់ឆ្នាំ២០១៩ មានចំនួនសរុប៧,៤៤៩ ស្មើទារកចំនួន៧៧,៩៦៦ ចំណាយអស់ទឹកប្រាក់សរុបចំនួន៣១,១៨៦,៤០០,០០០រៀល ស្មើនឹងប្រមាណជាង ៧លាន ៦សែនដុល្លារ។ ចំណែកឯឆ្នាំ២០១៨ ស្រីសម្រាលកូនរួចចំនួន​៦៥,០៥៤នាក់ ទារកចំនួន៦៥,៥៣៤នាក់ ចំណាយអស់ទឹកប្រាក់ចំនួន​២៦,២១៣,៦០០,០០០រៀល ឬស្មើនឹងប្រមាណជាង ៦លាន ៤សែនដុល្លារ។

លោក ហេង សុវណ្ណារិទ្ធ មន្រ្តីអ្នកនាំពាក្យ ប.ស.ស បានលើកឡើងថា ការបើកប្រាក់ឧបត្ថម្ភបន្ថែមដល់ស្រ្តីសម្រាលកូនខាងលើ គឺជាការផ្តល់ជូនកាដូពិសេសក្នុងការឆ្លើយតបទៅនឹងជីវភាពរស់នៅរបស់កម្មករនិយោជិតជាស្ត្រី ដែលកើតចេញពីគោលនយោបាយជាតិគាំពារសង្គម ក៏ដូចជាការលើកកម្ពស់សេវាគាំពារសង្គមនិងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ក្នុងការដោះស្រាយនូវទុក្ខលំបាករបស់កម្មករនិយោជិតផងដែរ។ ទាំងនេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងមូល។

សូមបញ្ជាក់ថា ស្រ្តីជាកម្មការិនីទាំងក្នុងនិងក្រៅប្រ័ពន្ធ នឹងទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រដ្ឋាភិបាលកម្ពុជាដែលសម្រាលបានកូន០១នាក់ (ទោល) ទទួលបាន៤០ម៉ឺនរៀល កូនភ្លោះ០២នាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាលកូនភ្លោះ៣នាក់ ទទួលបាន១លាន ២សែនរៀល ហើយត្រូវបានបើកផ្តល់ដោយ (ប.ស.ស)៕B/