ចិនកាលពីថ្ងៃសុក្រទី០៣មករា បានអំពាវនាវអោយគ្រប់ភាគីអត់ធ្មត់ ជាពិសេសអាម៉េរិក បន្ទាប់ពីមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ លោកកាសេម សូឡេម៉ានី ត្រូវបានកងកម្លាំងអាម៉េរិកសម្លាប់នៅក្រុងបាដាត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ្គេង សួង បាននិយាយថា« ចិនតែងតែប្រឆាំងនឹងការប្រើកម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ។យើងទទូចសុំអោយភាគីពាក់ព័ន្ធ ជាពិសេសអាម៉េរិកនៅស្ងៀមស្ងាត់និងអត់ធ្មត់ ជៀសវាងការបង្កភាពតានតឹងបន្ថែម»។
លោកបានបន្ថែមថា អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីត្រូវតែគោរព។
ក្នុងពេលជាមួយគ្នា បន្ទាប់ពីរងការគំរាមចម្រុះ ស្ថានទូតអាម៉េរិកនៅក្រុងបាដាតបានបញ្ជាអោយពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ាក់ជាបន្ទាន់ នៅប៉ុន្មានម៉ោងក្រោយកងកម្លាំងអាម៉េរិកសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ និងមេបញ្ជាការក្រុមជីវពលអ៊ីរ៉ាក់ម្នាក់នៅអាកាសយានដ្ឋានក្រុងបាដាត។
បទបញ្ជានេះកើតឡើងចំពេលមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ នៅថ្ងៃសុក្របានចេញបញ្ជាអោយយុទ្ធជនរបស់ខ្លួន ត្រៀមខ្លួនប្រយុទ្ធ និងថាវត្តមានយោធាអាម៉េរិកនៅអ៊ីរ៉ាក់គួរបញ្ចប់ឆាប់ៗ។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាប់ដែល អាប់ឌុល ម៉ាឌី បានចេញមកថ្កោលទោសការធ្វើឃាតមេបញ្ជាការកងកម្លាំងគូត លោកកាសេម សូឡេម៉ានី និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ អាប៊ូ ម៉ាឌី អាល់-មូហាន់ឌីស ។
លោកបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសនៅអាកាសយានដ្ឋានក្រុងបាដាត ជាអំពើឈ្លានពានអ៊ីរ៉ាក់និងរំលោភអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ដែលវានឹងនាំដល់ការផ្ទុះសង្គ្រាមនៅអ៊ីរ៉ាក់ ក្នុងតំបន់និងពិភពលោក។លោកក៏ក៏កោះប្រជុំសភាអ៊ីរ៉ាក់អំពីបញ្ហានេះ៕ប្រែសម្រួល៖វាសនា
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ្គេង សួង អំពាវនាវអោយគ្រប់ភាគីគោរពគោលការណ៍នៃធម្មនុញ្ញសហប្រជាជាតិនិងបទដ្ឋានគោលនៃទំនាក់ទំនងអន្តរជាតិ