ដោយៈមុនីរ័ត្ន/ ភ្នំពេញៈ អគារកម្ពស់ ៦ជាន់ នៅក្បែរវត្តសម្មាធិ ខេត្តកែប បានបាក់សង្កត់លើកម្មករ ដែលកំពុងតែធ្វើការ នៅក្នុងអគារ នៃការដ្ឋានសំណង់ផ្ទះសំណាក់នោះ។ ការបាក់អគារនេះ គឺបានកើតឡើង នៅមុននេះបន្តិច។
សេចក្តីរាយការណ៍ បានឲ្យដឹងថា មានមនុស្សប្រមាណ ៤០ នាក់ កំពុងតែស្ថិតនៅក្នុងអគារបាក់នោះ។ ចំណែកមនុស្សពីរនាក់ គេឃើញរងរបួស បានចេញមកខាងក្រៅនៃអគារ ដែលបាក់នោះ។
ខណៈនេះ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានគណៈកម្មាធិការ គ្រោះមហន្តរាយនិងក្រុមជួយសង្គ្រោះ បានធ្វើដំណើរ ពីភ្នំពេញ ទៅកាន់ទីកន្លែងកើតហេតុនោះ។
អភិបាលខេត្តកែប បានអះអាងថា មានមនុស្សជាង ២០ នាក់ កំពុងជាប់ ក្នុងគំនរអគារនេះ។
មន្ត្រីប៉េអឹម ដែលចូលសង្គ្រោះ នៅទីនោះ បានឲ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ច បានជួយសង្គ្រោះមនុស្ស ចំនួន ៧ នាក់ ដែលរបួសធ្ងន់ ចេញពីអគារដែលបាក់ ក៏ ប៉ុន្តែរកមិនទាន់ឃើញអ្នក ដែលស្លាប់នៅឡើយទេ។
មន្ត្រីប៉េអឹម បានបញ្ជាក់ថា កម្មករដែលស្នាក់នៅ ក្នុងអគារដែលបាក់នោះ មានចំនួន ៤០នាក់។ ករណីបាក់ អគារនេះ កើតឡើងនៅវេលាម៉ោង ៤:៣៧ រសៀល ថ្ងៃទី៣ ខែមករា នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
នេះគឺជាសោកនាដកម្ម លើកទី២ បន្ទាប់ពីការបាក់អគារ កម្ពស់ ៧ ជាន់របស់ចិន ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ ដែលបានកើតឡើង កាលពីព្រឹកព្រលឹម ស្រាងៗ ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យសង្កត់មនុស្សស្លាប់ សរុប២៨នាក់ និងរបួស ២៦នាក់ ៕