ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ គ្រាន់តែឈានជើងចូលឆ្នាំថ្មីភ្លាម តារាសម្តែងមាឌធំ ប៉ែន ភ័ក្រសុធារឹទ្ធ បានដំណឹងថាមានលាភចូលមកផ្ទូនៗគ្នាតែម្តង។ ជាហេតុធ្វើអោយ តារាសម្តែងរូបនេះ បានចាត់ទុកថា ឆ្នាំ២០២០ ពិតជាឆ្នាំ នាំសំណាងមែនទែន សម្រាប់ ការងារថ្មីដែលទើបទទួលបាន។

ទើបតែចុះកុងត្រាជាមួយនិងផលិតកម្មមួយដែលទាក់ទងមកជាយូរក្រែលដែលហើយ ប៉ុន្តែស្ថិតក្នុងការចរចារនៅឡើយ ដូច្នេះ តារាសម្តែង ប៉ែន ភ័ក្រសុធារឹទ្ធ បានបង្ហើបថា ទើបតែចូលឆ្នាំថ្មីភ្លាមខាងផលិតកម្មក៏បានយល់ព្រមជាមួយនិងលោកចុះកុងត្រាភ្លែតតែម្តង ព្រោះកាលឆ្នាំចាស់ លោកធ្លាប់បាននិយាយគ្នារួចម្តងមកហើយ ប៉ុន្តែតំលៃ ខ្លួនមិន ទាន់បានសម្រេចថា ត្រូវគ្នាឬអត់។ តែក្រោយឆ្លងឆ្នាំហើយ លោកក៏បាន សម្រេចចិត្ត ជួន គ្នានិងខាងផលិតកម្មព្រមព្រៀងគ្នាក្នុងតំលៃដែលឈាន ទៅដល់ចុះកុងត្រា ការងារតែម្តង។

រឿងដែលទើបតែចុះកុងត្រានេះ សូមលាក់ចំណងជើងសិន ព្រោះតែការងារ ទើប តែចុះ កិច្ចសន្យា ដោយលោកគ្រាន់តែប្រាប់ថា លោកនិងចាប់ដៃគូសម្តែង ជាមួយនិង កញ្ញា រឿន ណាត បវកញ្ញាលេខមួយ Miss Univer 2018។

តារាសម្តែងរូបសង្ហារ អតីតតារាបង្ហាញម៉ូតនិងជាប្រុសស្អាតជាប់ចំណាត់ ថ្នាក់ លេខបី ក្នុងកម្មវិធីប្រលង ពេជ្រកំពុងឆ្នៃ រូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈ ចាប់ តាំងពីឆ្នាំ២០១០ មកម្លេះ អ្វីដែលធ្វើអោយ ប៉ែន ភ័ក្រសុធារឹទ្ធ មានកេរ្តិ៍ឈ្មោះបោះ សំលេង ដូចសព្វថ្ងៃ គឺការចូលសម្តែងខ្សែភាពយន្តដំបូងដែលនាយ អាចដណ្តើម បាន ទីផ្សារសម្តែងបានរហូតមកដល់សព្វថ្ងៃគឺតាមរយៈរឿង «កំលោះក្តាមប្រៃ កញ្ញា ស្ពៃជ្រក់» ដែលចាក់បញ្ចាំងក្នុងស្ថានីយ៍ទូរទស្សន៍ ETV។​ រឿង កំលោះក្តាមប្រៃ កញ្ញា ស្ពៃជ្រក់ ជារឿងលើកដំបូងដែល តារាសម្តែង សុធារឹទ្ធ សម្តែង ជាមួយនិងតារាចម្រៀង កញ្ញា រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ»។

សព្វថ្ងៃនេះ រឿង «កំណត់ត្រាស្នេហ៍» ដែលកំពុងចាក់បញ្ចាំង នៅក្នុងស្ថានីយ៍ ទូរទស្សន៍ ស៊ីធីអិន ក៏មានវត្តមាន តារាសម្តែងថ្ពាល់ខួចរូបនេះ ផងដែរ។ ស្នាដៃសម្តែង ជាច្រើនរឿងទៀត ក៏កំពុងតែត្រៀមបង្ហាញខ្លួននៅតាមស្ថានីយ៍ ទូរទស្សន៍ក្នុងស្រុក ជាច្រើនរឿង ខណៈដែលរឿងខ្លះបានចុះកុងត្រា និងបន្តចេញថតបណ្តើរហើយ គ្រាន់តែមិនទាន់មានម៉ោងដាក់បញ្ចាំងប៉ុណ្ណោះ។

បើគិតមកដល់បច្ចុប្បន្ន តារាសម្តែង ប៉ែន ភ័ក្រសុធារឹទ្ធ បានចូលរួមសម្តែងខ្សែ ភាព យន្ត ភាគតាមទូរទស្សន៍ ប្រហែលជាង២០រឿងមកហើយ ចំណែកការថតស្ពត ពានិជ្ជ កម្មក៏ទទួលបានស្ពតធំៗ ទាក់ទងមកជាហូរហែផងដែរ ជាក់ស្តែង ស្ពតពានិជ្ជកម្ម ស្រាបៀ កម្ពុជា ក៏បានបង្ហាញភាពលេចធ្លោរបស់តារាសម្តែង ប៉ែន ភ័ក្រសុធារឹទ្ធក្នុងឃ្លីប យ៉ាងឡូយផងដែរ៕