ដោយៈបូកគោ,មុនីរ័ត្ន,ទេពមង្គល/ភ្នំពេញៈព័ត៌មានបឋមបញ្ជាក់ថា គិតត្រឹមម៉ោង៨:៣០យប់ថ្ងៃទី៣ខែមករានេះ សមត្ថកិច្ចបានជួយសង្គ្រោះមនុស្សចំនួន១៨នាក់ចេញពីអគារដែលបាក់នោះ ហើយក្នុងចំណោមនេះមានមនុស្សបីនាក់បានស្លាប់។សំណង់អគារកម្ពស់៧ជាន់ នៅក្បែរវត្តសម្មាធិ បានបាក់នៅវេលាម៉ោង៤:១៥រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ សកម្មភាពរុករកកំពុងបន្ត។
យោងតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋបាលខេត្តកែបសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា នៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ ជាន់ មានទីតាងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
មកទល់ពេលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរនៃអគារបាក់បែកនៃការដ្ឋាននេះ និងបានបង្កើតក្រុមការងារប្រចាំការជួយសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ។ ព័ត៌មានទទួលបានជាបឋម (គិតត្រឹមម៉ោង ៨:៣០យប់នេះ) ជនរងគ្រោះចំនួន ១៨ នាក់ (ស្រី ៥ នាក់) ត្រូវបានជួយសង្គ្រោះ ក្នុងនោះស្លាប់ ៣ (ស្រី២)។ ជនរងគ្រោះជាកម្មករសំណង់ ដែលស្នាក់នៅក្នុងអគារសាងសង់នោះ។
ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី បែន ដារា បានឱ្យដឹងថា អគារដែលបាក់រលំនេះ បានកើតពេលកម្មករកំពុងចាក់ប្លង់សេអគារនៅជាន់ទី៧។លោកស្នងការបានឱ្យដឹងទៀតថា មានកម្មករប្រមាណ២០-៣០នាក់ បានស្ថិតនៅក្នុងអគារពេលបាក់រលំនោះ។ ក្នុងនោះរួមទាំងអ្នកម៉ៅការសំណង់ផងដែរ។ ក្រៅពីការបញ្ជាឱ្យកងកម្លាំងបើកប្រតិបត្តិការដោយយកចិត្តទុកដាក់ខ្ពស់លើការជួយសង្គ្រោះជីវិតជនរងគ្រោះហើយនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានដាក់បទបញ្ជាកម្លាំងនគរបាលខេត្តកែប ឱ្យតាមរកម្ចាស់សំណង់ អ្នកម៉ៅការ និងជាងសំណង់ផងដែរ។
ប្រភពបញ្ជាក់ថា ម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ។ សំណើចុះថ្ងៃ ០៦-៣-២០១៩។ មកដល់ច្រកចេញចូលសាលាខេត្ត លេខ ១៧៩/១៩ ចុះថ្ងៃ ១៦-៧-២០១៩។ មន្ទីរ ដនសស ខេត្តកែប លេខ ០០៩ ដនសស/ក.សុដី ចុះថ្ងៃ ០៣-៧-២០១៩។ ខេត្តសម្រេច លេខ ៤២៧/១៩ បជ ចុះថ្ងៃ ០២-៨-២០១៩។បើកការដ្ឋាន ០២៣/ដនសស-ខក ចុះថ្ងៃ២០-៨-២០១៩។ថ្ងៃទី ៥-១២-២០១៩ មន្ទីរបានចុះពិនិត្យ បានសន្និដ្ឋានថា សំណង់សង់ខុសពីលិខិតអនុញ្ញាត។ សំណង់នេះ ក្រោម៣០០០ម៉ែត្រការ៉េ រដ្ឋបាលខេត្តកែប សម្រេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកែបទាំងយប់ ដើម្បីចូលរួមដឹកនាំការរុករកសង្គ្រោះកម្មករដែលកំពុងជាប់នៅក្រោមសំណង់អគារដែលដួលរលំ។
សូមរម្លឹកថា ករណីបាក់អគារនៅខេត្តកែបនេះជាករណីលើកទី២ ហើយ បន្ទាប់ឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងអ្នករបួសមានចំនួន ២៦នាក់៕សរន/Ha