ត្រឹម​ម៉ោង​៥​ព្រឹក​នេះ មនុស្ស​២៣​នាក់​សង្គ្រោះ ក្នុងនោះ​ស្លាប់​៥​នាក់​

ដោយៈ​មុនី​រ័ត្ន​,​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​គិត​ត្រឹមម៉ោង​៥​ព្រឹក ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​២៣​នាក់​ចេញពី​គំនរ​ថ្ម ក្នុងនោះ​មាន​ប្រាំ​នាក់​បាន​ស្លាប់ (​ប្រុស​២​ ស្រី​៣​​) ។​អគារ​កម្ពស់​៦​ជាន់ ដែលរ​លំបាក់ ស្ថិតនៅ​ក្បែរ​វត្ត​សមាធិ ក្នុង​ក្រុងកែប ខេត្ត​កែប​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កែប​ផ្សព្វផ្សាយ​។​

​ព្រឹក​នេះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងតែបន្ត​។​អគារ​នេះ​បាន​បាក់​រលំ នៅវេលា​ម៉ោង ៤:១៥ រសៀល នា​ថ្ងៃទី​៣ ខែមករា​។​ជា​អគារ​មួយ​ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់​៦​ជាន់​​ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ឡើង​វត្ត​សមាធិ ភូមិ​កែប​​ ​សង្កាត់​កែប ​ក្រុងកែប ​ខេត្ត​កែប​។​មានការ​បញ្ជាក់ថា​ មាន​មនុស្ស​ប្រមាណ​៤០​នាក់​កំពុងធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​នេះ​។​

​យោងតាម​ប្រភព​បញ្ជាក់ថា ម្ចាស់​សំណង់​នោះ​ឈ្មោះ ឯក សារុន (​ប្តី​) និង ឈី​វ សុធី (​ប្រពន្ធ​) មាន​លំនៅ​បច្ចុប្បន្ន​ភូមិ ១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​សំណង់​នេះ​មាន​សំណើ​ចុះ​ថ្ងៃ ០៦-៣-២០១៩។ មកដល់​ច្រកចេញចូល​សាលាខេត្ត លេខ ១៧៩/១៩ ចុះ​ថ្ងៃ ១៦-៧-២០១៩​។ មន្ទីរ ដន​សស ខេត្ត​កែប លេខ ០០៩ ដន​សស​/​ក​.​សុ​ដី ចុះ​ថ្ងៃ ០៣-៧-២០១៩​។ ខេត្ត​សម្រេច លេខ ៤២៧/១៩ ប​ជ ចុះ​ថ្ងៃ ០២-៨-២០១៩​។​បើក​ការដ្ឋាន ០២៣/​ដន​សស​-​ខក ចុះ​ថ្ងៃ​២០-៨-២០១៩​។​ថ្ងៃទី ៥-១២-២០១៩ មន្ទីរ​បាន​ចុះ​ពិនិត្យ បាន​សន្និដ្ឋានថា សំណង់​សង់​ខុសពី​លិខិតអនុញ្ញាត​។ សំណង់​នេះ ក្រោម​៣០០០​ម៉ែត្រការ៉េ ​រដ្ឋបាលខេត្ត​កែប សម្រេច​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​


​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៏បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ផងដែរ​៕​សរន​/Ha