​ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយថា ប៉ូលិស​បារាំង​បាន​បាញ់សម្លាប់​បុរស​ម្នាក់​នៅ​ក្បែរ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​មករា បន្ទាប់ពី​ជន​នេះ​​បាន​ប្រើ​កាំបិត​ចាក់​មនុស្ស​នៅក្នុង​ឧទ្យាន​មួយ ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​២​នាក់​ទៀត​រងរបួស​។​

​អ្នកនាំពាក្យ​រដ្ឋអាជ្ញា​បាន​និយាយថា ឯកសារ​សាសនា​មួយចំនួន​ដោយ​រួម​ទាំង​ច្បាប់​ចម្លង​គម្ពី​គូ​អាន ត្រូវបាន​រកឃើញ​ក្នុងចំណោម​របស់របរ​របស់​បុរស​​នេះ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណា​ដែល​ថា​បុរស​នេះ​រង​ឥទ្ធិពល​ពី​ក្រុម​អ៊ីស្លាម​និយម​នោះទេ​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយថា អ្នក​វាយប្រហារ​នេះ​មាន​ប្រវត្តិ​មាន​ជំងឺផ្លូវចិត្ត​ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ប៉ុន្មាន​ខែ​មុន និង​បាន​ទទួល​​ការព្យាបាល​ជំងឺផ្លូវចិត្ត​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ទីប្រជុំជន​ហ្ស៊ីល​ឡឺ​ហ្ស៊ី ចម្ងាយ​ប្រមាណ​៨ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ទីក្រុង​ប៉ារីស​៕ដោយ៖វាសនា

ប៉ូលិស​ទៅ​ដល់​ឧទ្យាន​នៅ​ទីប្រជុំជន​ហ្ស៊ីល​ឡឺ​ហ្ស៊ី ក្រោយ​ការបាញ់សម្លាប់​ខ្មាន់​កាំបិត​