ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នករួមដំណើរម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦២ពីផ្លូវបំបែកស្រុកគូលែនឆ្ពោះទៅកាន់ខេត្តព្រះវិហារ ក្រុងព្រះវិហារ កាលពីល្ងាចថ្ងៃទី៣ខែមករា ឆ្នាំ២០២០។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២J៨២៩៣ ខាងលើគឺបានបើកបរក្នុងល្បឿនលឿនពីទិសជើងទៅត្បូង។លុះមកដល់កន្លែងកើតហេតុបានធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ទៅម្ខាងផ្លូវរងនូវកាខូចខាតស្ទើរទាំងស្រុង។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ដែលបង្កឡើងដោយការធ្វេសប្រហែសគឺបណ្តាលឱ្យជនរងគ្រោះមានរហូតដល់ទៅ៣នាក់ ដោយក្នុងនោះរួមមានទី១ឈ្មោះជូន បញ្ញាតិ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅក្រុងព្រះវិហារជាអ្នករួមដំណើររងរបួសស្រាល។ទី២ឈ្មោះម៉ូ ម៉ាល័យ ភេទស្រី អាយុ២២ឆ្នាំ រស់នៅស្រុកគូលែន ជាអ្នករួមដំណើររងរបួសបាក់ជើងខាងឆ្វេង។ទី៣ឈ្មោះថា ស្រីរ័ត្នភេទស្រី រស់នៅស្រុកគូលែន អ្នករួមដំណើរស្លាប់។
ក្រោយកើតហេតុ តៃកុងរថយន្តបង្កដឹងសភាពមិនស្រួលក៏បានរត់គេចខ្លួនបាត់។ដោយឡែកអ្នករងរបួសទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក៏ដូចជាក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ចំពោះសាកសពស្ត្រីជនរងគ្រោះក្រោយសមត្ថកិច្ចជំនាញចុះវាស់វែងនិងធ្វើកោសល្យវិច័យរួច ក៏បានធ្វើការប្រគល់ឱ្យទៅក្រុមគ្រួសារ។ឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុករង់ចាំម្ចាស់ដែលជាជនបង្កចូលខ្លួនមកដោះស្រាយ៕S/Ha