ទាហានអាម៉េរិករាប់ពាន់នាក់ ត្រូវបានបញ្ជាអោយចេញទៅមជ្ឈិមបូព៌ាកាលពីថ្ងៃសុក្រទី៣មករា ក្រោយពីអាម៉េរិកសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ ហើយរដ្ឋាភិបាលក្រុងតេអេរ៉ង់សន្យាធ្វើការសងសឹកខ្លាំងក្លា។
ក្រសួងការពារជាតិអាម៉េរិកអនុញ្ញាតអោយបញ្ជូនទាហាន៣.០០០នាក់បន្ថែមទៅកាន់មជ្ឈិមបូព៌ា ក្រោយការសម្លាប់សូឡេម៉ានី
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាឧត្តមសេនីយ៍ កាសេម សូឡេម៉ានី ត្រូវកំចាត់ចោលនៅពេលជននេះប្រុងវាយប្រហារអាអ្នកការទូតអាម៉េរិក តែលោកនៅតែនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនស្វះស្វែងទម្លាក់រដ្ឋាភិបាលអ៊ីរ៉ង់ទេ។
ពួកមន្ត្រីអាម៉េរិកបាននិយាយថា សូឡេម៉ានី អាយុ៦២ឆ្នាំ ត្រូវបានសម្លាប់ដោយកាំជ្រួចមួយគ្រាប់ដែលបាញ់ចេញពីដ្រូន(យន្តហោះគ្មានមនុស្សបើក)មួយនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបាដាត។
ក្នុងការវាយប្រហារកណ្តាលយប់នេះ សមាជិកកងឆ្មាំបដិវត្តន៍៥នាក់ត្រូវបានសម្លាប់ជាមួយនឹងសមាជិក៥នាក់នៃកងកម្លាំងជីវពលគាំទ្រអ៊ីរ៉ង់ ហាសេត អាល់-សាអាប៊ី រួមមានអនុប្រធានក្រុមនេះម្នាក់ផង។
ក្រោយការវាយប្រហារភ្លាម មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោកអាយ៉ាតុឡា អាលី ខាមេនីបានសន្យា«សងសឹកខ្លាំងក្លា»ហើយប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានចេញមកតវ៉ាប្រឆាំងនៅរដ្ឋធានីតេអេរ៉ង់ ដោយពួកគេហែកនិងដុតទង់ជាតិអាម៉េរិក ហើយស្រែកថា«ងាប់ទៅអាម៉េរិក!»។
អ៊ីរ៉ង់ក៏បានតែងតាំងអនុប្រធានរបស់លោកសូឡេម៉ានី គឺលោក អ៊ីសម៉ាអ៊ីល កាអានី ជាមេបញ្ជាការកងកម្លាំងគូត ជំនួសលោកភ្លាម៕ប្រែសម្រួល៖វាសនា
ប្រជាជនអ៊ីរ៉ង់ហែកទង់ជាតិអាម៉េរិកនៅក្រុងតេអេរ៉ង់កាលពីថ្ងៃ៣មករា ក្រោយការស្លាប់របស់កាសេម សូឡេម៉ានី ដោយការវាយប្រហាររបស់អាម៉េរិក
លោក អ៊ីសម៉ាអ៊ីល កាអានី ក្លាយជាមេបញ្ជាការកងកម្លាំងគូត ជំនួសលោកសូឡេម៉ានី