ការវាយប្រហារតាមផ្លូវអាកាសថ្មីមួយត្រូវចំពួកយុទ្ធជនគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់កាលពីដើមថ្ងៃសៅរ៍ទី៤មករា នៅពេលមានការបារម្ពអំពីការផ្ទុះសង្គ្រាមតំណាងមួយរវាងអាម៉េរិកនិងអ៊ីរ៉ង់ នៅមួយថ្ងៃក្រោយយន្តហោះដ្រូនរបស់អាម៉េរិកមួយបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់។
ការវាយប្រហារនេះក៏បានកើតឡើងតែប៉ុន្មានម៉ោងមុនការដើរដង្ហែកាន់ទុក្ខពេលព្រឹកសម្រាប់សពមេបញ្ជាការកងកម្លាំងគូត លោកកាសេម សូឡេម៉ានី និងបញ្ជាការកងជីវពលអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាឌី អាល់-មូហាន់ឌីស ដែលអ្នកទាំងពីរត្រូវបានសម្លាប់ដោយអាម៉េរិកនៅក្រុងបាដាតកាលពីថ្ងៃសុក្រ។
ការសម្លាប់នេះជាការបង្កើនភាពតានតឹងយ៉ាងគំហុករវាងអ៊ីរ៉ង់និងអាម៉េរិក ដែលបានបញ្ជូនទ័ពបន្ថែមភ្លាមៗទៅកាន់តំបន់មជ្ឈិមបូព៌ា ទោះជាប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថាលោកមិនចង់បានសង្គ្រាមក្តី។
ការវាយប្រហារថ្មីបានផ្តោតលើក្បួនរថយន្តមួយរបស់ក្រុម ហាសេត អាល់-សាអាប៊ី ជាក្រុមបណ្តាញជីវពលអ៊ីរ៉ាក់មួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់។
គេមិនទាន់ដឹងថានរណាទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះទេ តែទូរទស្សន៍អ៊ីរ៉ាក់និយាយថា វាជាការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិកនិងបានសម្លាប់មនុស្សយ៉ាងតិច៦នាក់។
របាយការណ៍ដំបូងបាននិយាយថា ការវាយប្រហារផ្តោតលើរថយន្តដឹកមន្ត្រីជាន់ខ្ពស់២នាក់នៃក្រុម កងកម្លាំងPMF តែក្រុមនេះក្រោយមកបានបដិសេធរបាយការណ៍ដែលថា ការវាយប្រហារបានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់។
របាយការណ៍អ៊ីរ៉ាក់ខ្លះនិយាយថា មេដឹកនាំក្រុមជីវពលAsa’ib Ahl al-Haq លោកកាអ៊ីស អាល់-ខាហ្សាលីនិងប្អូនប្រុសរបស់គាត់ត្រូវបានសម្លាប់ក្នុងការវាយប្រហារថ្មីរបស់អាម៉េរិកនៅអ៊ីរ៉ាក់៕ប្រែសម្រួល៖វាសនា/Ha