ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោកចាង ជីញ បាននិយាយកាលពីថ្ងៃសុក្រថ្ងៃទី៣ខែមករាថា” សេចក្តីសំរេចចិត្តចិន-រុស្ស៊ីដែលចង់បន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិលើប្រទេសកូរ៉េខាងជើងនោះ គឺជាជំហានទាន់ពេលវេលានៅក្នុងទិសដៅត្រឹមត្រូវ”។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានខកចិត្តយ៉ាងខ្លាំងការដែលការដាក់ទណ្ឌកម្មទាំងនោះនៅតែមានដដែលទោះបីជាខ្លួនផ្អាកការធ្វើតេស្តិ៍សាកល្បងនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយក៏ដោយ ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រកាសថាខ្លួនលែងផ្អាកការធ្វើតេស្តិ៍សាកល្បងទៀតហើយ។
ការប្រជុំក្រុមប្រឹក្សាសន្តិសុខចំនួន២លើកកាលពីពេលមុនលើសំណើចិន-រុស្ស៊ីបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀង ប៉ុន្តែលោកចាង ជីញ បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា “យើងអាចបង្កើតការមូលមតិគ្នាបន្ថែមទៀត” ។
លោកបានបន្ថែមថា “យើងពិតជាអាចចូលរួមចំណែកក្នុងការសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធជាពិសេសរវាង សហរដ្ឋអាម៉េរិកនិងកូរ៉េខាងជើង។
នៅពេលត្រូវបានសួរថាតើពេលណាក្រុមប្រឹក្សានេះ អាចបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសំរេចចិត្តនេះលោកចាង ជីញ គ្រាន់តែបាននិយាយថា ការពិគ្រោះយោបល់កំពុងបន្តធ្វើ៕ប្រែសម្រួល៖សុខា/sn
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោក ចាង ជីញ