ដោយ៖តារារិទ្ធ(ភ្នំពេញ)៖រហូតមកដល់ម៉ោងនេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនៅក្រោមអគារដួលរលំកម្ពស់ ៦ ជាន់នៅក្រុងកែប នៅតែបន្តសកម្មភាព ដែលតុល្យការនៃការរុករកបានរកឃើញមនុស្សចំនួន២៥នាក់ហើយក្នុងនោះមានជនរងគ្រោះ ៧ នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨ នាក់។ ប្រតិបត្តិការស្ថិតក្រោមការបញ្ជាផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាពេញមួយយប់តែម្តង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានចុះផ្ទាល់ដើម្បីជួយ ជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់តាមរយៈហ្វេសបុកផ្លូវការរបស់សម្តេចថា៖«មកទល់នឹងព្រឹកនេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់ រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកជនរងគ្រោះបន្តទៀតខណៈគិតត្រឹមម៉ោង៥ព្រឹកជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញក្នុងនោះស្លាប់៧នាក់»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតនៅក្នុងការបញ្ជាផ្ទាល់នៅកន្លែងបាក់អគារនៅក្នុងក្រុងកែប ពេញមួយយប់ ខណៈក្រុមការងារជួយសង្គ្រោះក៏ធ្វើ សកម្មភាពរុករកពេញមួយយប់ដូចគ្នាដែរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើដំណើរពីភ្នំពេញទៅដល់កន្លែងបាក់ស្រុតអគារនៅម៉ោងជាង ៩ យប់ ថ្ងៃទី៣ខែ មករា។ សម្តេចបានស្ថិតនៅកន្លែងកើតហេតុពេញមួយយប់ដោយមិននិយាយស្តីច្រើនទេ គេសង្កេតឃើញសម្តេចពិតជានៅមិនសុខក្នុងចិត្ត ម្តងឈរ ម្តងអង្គុយ ។ ពេលខ្លះសម្តេចដើរទៅពិនិត្យមើលសកម្មភាពប្រតិបត្តិការរុករក និងសកម្មភាពកាយគំនរថ្មដែលមានអមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងៗទៀត និងធ្វើ ដំណើរទៅវិញទៅមកពីកន្លែងបាក់អគារទៅសួរសុខទុក្ខជនរងគ្រោះដែលជួយសង្គ្រោះបានពីកន្លែងបាក់អគារនៅនៅមន្ទីរពេទ្យក្បែរៗនោះ និងបានជួបគ្រួសារ ជនរងគ្រោះសម្ដែងនូវសមានទុក្ខ ។
អគារកម្ពស់៧ជាន់ កម្មសិទ្ធិរបស់ជនជាតិខ្មែរ ដែលស្ថិតនៅក្នុងការសាងសង់បាន ៩០ ភាគរយ បានបាក់ស្រុតកាលពីរសៀលថ្ងៃទី៣ ខែមករា នៅពេលកំពុង ដំណើរការសាងសង់នៅជាន់ទី៧ ជាជាន់ចុងក្រោយ ។ ម្ចាស់អគារនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរក្រោយហេតុការណ៍បាក់រលំអគារភ្លាម។គេ សន្និដ្ឋានថា មានជនរងគ្រោះប្រមាណ ២០ ទៅ៣០នាក់ដែលជាអ្នកម៉ៅការនិងកម្មករសំណង់ដែលកប់នៅក្នុងនេះ។អគារនេះមានម្ចាស់ជាជនជាតិខ្មែរ ដែលមាន ឈ្មោះថា ឯក សារុន(ប្តី)និង ឈីវ សុធី(ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩។
បន្ទាប់ពីឧបទ្ទេវហេតុបាក់អគារ៦ជាន់នៅខេត្តកែប លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និង ប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ គណៈកម្មការនោះមានសមាសភាព ១១រូប ដឹកនាំដោយលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ។
នេះជាករណីបាក់អគារលើកទីបីហើយដែលបានសម្លាប់មនុស្ស ។ កាលពីចុងឆ្នាំ២០១៩ អគារវិនិយោគរបស់ជនជាតិចិនកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ គ្មានច្បាប់អនុញ្ញាតនៅខេត្តព្រះសីហនុ បានបាក់រលំបណ្ដាលឱ្យ កម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ បន្ទាប់មក នៅដើមខែធ្នូ មានករណីបាក់កុដិ កម្មករបីនាក់ស្លាប់ក្នុងករណីបាក់កុដិ និងបណ្ដាលឱ្យកម្មករច្រើននាក់រងរបួសនៅខេត្តសៀមរាប។ក្រោយហេតុការណ៍បាក់រលំអគារខេត្តព្រះសីហនុ តុលាការបាន សម្រេចឃុំខ្លួនជនជាតិចិន៤នាក់ដែលជាម្ចាស់អគារនោះ ព្រមទាំងម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ អ្នកមើលការខុសត្រូវការដ្ឋានសាងសង់និងមេជាងសំណង់ផងដែរ ៕សរន/Ha