អ្នកកាសែតស្រីឈ្មោះ ខតនី ហ្វ្រៀល (Courtney Friel) អាយុ ៣៩ ឆ្នាំបានធ្វើការចោទប្រកាន់នៅក្នុងសៀវភៅចេញលក់ឆាប់ៗខាងមុខរបស់នាង ចំណងជើងថា “Tonight At 10: Kicking Booze and Breaking News” ដែលគ្រោងនឹងចេញលក់នៅថ្ងៃអង្គារខាងមុខ។

យោងតាមកាសែត The New York Daily បានឱ្យដឹងថា អតីតអ្នកយកព័ត៌មានរបស់ទូរទស្សន៍ Fox News រូបនេះ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូរទស្សន៍ KTLA-TV នៅទីក្រុងឡូសអ៊ែនជេឡេស បានអះអាងនៅក្នុងសៀវភៅនោះថា ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានអញ្ជើញនាងឱ្យមកការិយាល័យរបស់គាត់នៅអគារ Trump Tower ដើម្បីថើបមួយខ្សឺត។

នៅក្នុងសៀវភៅនោះនាងបានសរសេរថា ត្រាំបានតេទូរស័ព្ទទៅនាងនៅឯការិយាល័យរបស់នាងគឺច្រើនសប្តាហ៍បន្ទាប់ពីនាងបានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើជាចៅក្រមដាក់ពិន្ទុនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាអាម៉េរិករបស់គាត់ ហើយបន្ទាប់មកបានប្រាប់នាងថា នៅក្នុងចិត្តគាត់ នាងគឺជា “មនុស្សស្រីសិចស៊ីបំផុតនៅ Fox News”។

នាងបានសរសេរទៀតថា “ទោះបីគាត់និយាយថាខ្ញុំមិនអាចក្លាយជាចៅក្រមដាក់ពិន្ទុដោយសារខ្ញុំធ្វើការនៅបណ្តាញទូរទស្សន៍ផ្សេងក៏ដោយ ក៏គាត់នៅតែសួរខ្ញុំអំពីគោលដៅអាជីពរបស់ខ្ញុំនិងសរសើរការងាររបស់ខ្ញុំនៅ FNC ។ នៅពេលនោះគាត់ស្រាប់តែនិយាយថា នាងគួរតែមកការិយាល័យរបស់ខ្ញុំនៅពេលណាមួយដូច្នេះយើងនឹងអាចថើបគ្នា”។

នៅក្នុងសៀវភៅនេះ នាងហ្វ្រៀលនិយាយថា នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការស្នើសុំពីប្រធានាធិបតីអាម៉េរិកបច្ចុប្បន្ន ហើយបានឆ្លើយតបទៅគាត់ ដោយនិយាយថា “ខ្ញុំជឿថាយើងទាំងពីរបានរៀបការហើយ។ ខ្ញុំបានដាក់ទូរស័ព្ទចុះភ្លាម”។

នាងសរសេរថា “សំណើនេះបានធ្វើឱ្យខ្ញុំមានការលំបាកក្នុងការរាយការណ៍ដោយទឹកមុខស្មើអំពីការឈរឈ្មោះរបស់លោកត្រាំសម្រាប់តំណែងប្រធានាធិបតី។ វាធ្វើឱ្យខ្ញុំខឹងដែលគាត់ហៅស្ត្រីទាំងអស់ ដែលបានចែកចាយរឿងរ៉ាវអំពីការទាក់ទងស្រីដ៏គឃ្លើនរបស់គាត់ថាជាមនុស្សកុហក។ ខ្ញុំជឿពួកនាងទាំងស្រុង”៕ ដោយ៖ កញ្ញាដាលីស

ខតនី ហ្វ្រៀល ចោទត្រាំថាអញ្ជើញនាងថើបគ្នាជាមួយគាត់