ភ្នំពេញៈ កញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងប្រចាំ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា (Galaxy Navtra) បានធ្វើដូចការសន្យា ដោយមាន បទចម្រៀងថ្មីទៀតហើយដែលនឹងធ្វើឲ្យផ្ទុះនូវ ការគាំទ្រពីមហាជន ចំពោះបទ “ឡានសារ៉ែន” ។
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីថ្ងៃប៉ុន្មានថ្ងៃមុនេះបានបញ្ចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា “ឡានសារ៉ែន” បង្ហោះលើបណ្តាញសង្គមហ្វេស៊បុក (Facebook) និង យូធូប (Youtube) ដើម្បីជាកាដូដល់អ្នកគាំទ្រ នៅដើមឆ្នាំ២០២០នេះតែម្តង។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្ម Galaxy Navtra និងជាអ្នកនិពន្ធដ៏ល្បី ឈ្មោះ បានថ្លែងប្រាប់ថា ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២០នេះ ផលិតកម្ម បានសម្រិតសម្រាំង បញ្ចេញបទថ្មី ដែលជាការបកស្រាយ ដោយតារា ចម្រៀងកំពុងពេញនិយម គឺកញ្ញា តន់ ច័ន្ទសីម៉ា និងជាការនិពន្ធទំនុកច្រៀងដោយលោក ឡេង ណាវ៉ាត្រា និងនិពន្ធបទភ្លេង ដោយ Tempo Tris។
លោកបន្តថា សម្រាប់អត្ថន័យក្នុងបទចម្រៀង គឺចង់ផ្ដោតសំខាន់ទៅលើបុរសៗដែលចូលចិត្ត ញ៉ែស្រីហ្វ្រីៗ ដោយគិតថាមនុស្សស្រីជាមនុស្សងាយនឹងទទួលយកស្នេហាសម័យថ្មីដោយ គ្រាន់តែប្រើប្រាស់សម្ភារនិយម និងលុយជាធ្នាក់។
កញ្ញា តន់ ច័ន្ទសីម៉ា បានប្រាប់ដែរថា ដើម្បីកាន់តែធ្វើឲ្យទីផ្សារសិល្បៈរបស់ខ្លួនមានសន្ទុះនៃ ការគាំទ្រកាន់តែខ្លាំងបន្ថែមទៀត កញ្ញា តន់ ច័ន្ទសីម៉ាបានត្រៀមបញ្ចេញនូវបទចម្រៀង ប្រមាណជា ៧បទបន្តបន្ទាប់ទៀត ដើម្បីវាយលុកទីផ្សារសិល្បៈ នៅដើមឆ្នាំ២០២០។
សូមបញ្ជាក់ថា កញ្ញា តន់ ច័ន្ទសីម៉ា កំពុងត្រូវបានទស្សនិកជនជាច្រើន ធ្វើការគាំទ្រ តាមរយៈ បទចម្រៀងពិរោះៗជាច្រើនបទរបស់នាង ដែលបានបញ្ចេញនៅលើទីផ្សារដែលសុទ្ធតែជាបទ ផ្ទុះខ្លាំង ក្នុងឆ្នាំ២០១៩កន្លងមកនេះ ដោយមានដូចជា បទ “រឹងមាំ”, “មនុស្សដូចខ្ញុំ”, “ខ្ញុំជឿ”, “អ្នកខាងនេះនឹកអ្នកខាងនោះ”, “បើមិនស្មោះស្រឡាញ់រកងាប់អី”,“យល់ច្រឡំថាគេស្រឡាញ់ យើង” និងបទដែលកំពុងផ្ទុះខ្លាំងគឺបទ “គេនោះជាស្រីកាប់ដាវ”ខណៈមានអ្នកចូលទស្សនាជាង ប្រាំបីលានដង ដែលជាចំនួនមួយច្រើន គួរឲ្យកត់សម្គាល់៕ ដោយ: បូរិន