អគារ​កម្ពស់៦​ជាន់ ដែល​កំពុង​សាងសង់នៅ​ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​ទាំងស្រុង នៅ​ម៉ោងជាង ៤​ល្ងាច ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ ​ហើយ សមត្ថកិច្ច ខេត្ត​កែប បាន​បញ្ជាក់ថា យ៉ាងហោចណាស់ ក៏មាន​កម្មករ ដែល​កំពុងធ្វើការ ក្នុង​ការដ្ឋាន​នោះពី ២០ ទៅ ៣០​នាក់​។​
​ ​
អគារ​កំពុង​សាងសង់​ថ្មី​មួយកន្លែង កម្ពស់ ៦​ជាន់ ដែល​បាក់​រលំ​នេះ​ស្ថិតនៅ​តាមផ្លូវ​ឡើងទៅមណ្ឌល​វិប្បសនាធុរៈ ក្នុង​ក្រុងកែប ខេត្ត​កែប​។

​មិនទាន់មាន​ការអះអាង​ជា​ផ្លូវការ​ពី​មូលហេតុ​នៃ​ការបាក់​រលំ​អគារ​នោះទេ ប៉ុន្តែ​ប្រភព​មួយចំនួន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា អគារ​កម្ពស់ ៦​ជាន់​នោះបាន​សុំច្បាប់​សាងសង់​ត្រឹមតែ​កម្ពស់ ៥​ជាន់​ទេ​។ តែ​បច្ចុប្បន្ន​សាងសង់ រហូតដល់ ៦​ជាន់ ទើប​បណ្តាល​ឲ្យ​បាក់​រលំ​ដូច្នេះ​។​

​ដោយឡែក​ប្រភព​មួយទៀត អោយដឹងថា ការសាងសង់​អគារ​ខាងលើនេះ​មិនមាន​បទដ្ឋាន ស្តង់ដារ​ត្រឹមត្រូវ​ទេ ព្រោះថា គ្រឹះ​ក្រោម ជា​សំណង់​ចាស់ មិន​ព្រម​វ៉ៃ​ចេញ​ដោយ​សាងសង់​បន្ត ឡើង​តែម្តង​។​

​យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ​ភ្លាមៗ អាជ្ញាធរ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​អន្តរាគម​ន៍នៅ​កន្លែងកើតហេតុ​។ ក្នុងនោះ មាន​ជនរងគ្រោះ​មួយចំនួន ជា​កម្មករ សំណង់​ដែល​រង របួស ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ជួយ​យក​ចេញពី​អគារ​បាក់បែក ហើយ​នាំទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​ជុំវិញ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ នៅ​ព្រលប់​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​អញ្ជើញ​ចេញពី​ភ្នំពេញ​ទាំងយប់ ឆ្ពោះទៅកាន់​ខេត្ត​កែប ដើម្បី​ចូលរួម​ដឹកនាំ​ការរុករក​សង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​នៅក្រោម អគារ ដែល​ដួលរលំ​នោះ​។

​គេ​នៅ​ចាំបាន​ថា កាលពី​ព្រឹក​ព្រលឹម​ស្រាងៗ ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ អាគារកម្ពស់ ៧​ជាន់ របស់​ចិន ដែល​កំពុង​សាងសង់ នៅ​ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ​បណ្តាល​ឲ្យ​សង្កត់ មនុស្ស​ស្លាប់​សរុប ២៨​នាក់ និង​របួស ២៦​នាក់​។

​ហេតុការណ៍​កាលណោះ បានកើត​ឡើង នៅពេល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​ចូល រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ថៃ​។ បន្ទាប់ពី​អញ្ជើញ​មកដល់​ភ្នំពេញ​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ទាំងយប់ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​ជាច្រើន​ថ្ងៃ ដើម្បី​រុករក​ជនរងគ្រោះ នៅ​គំនរ​អគារ​បាក់បែក​នោះ​។​

​ក្រោយ​ហេតុការណ៍​នោះ អភិបាលខេត្ត​ព្រះសីហនុ ត្រូវបាន​ផ្លាស់ប្តូរ ដោយ​លោក យន្ត មីន បាន​លាលែង ហើយ​លោក គួច ចំរើន បាន​ឡើង​ជំនួស​។ រីឯ​លោក ញឹម វណ្ណដា​ក៏ត្រូវ​បាន​ដក តំណែង​ចេញពី​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​ជំនួស ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ។​

​ជាមួយគ្នា​នោះ តុលាការខេត្ត​ព្រះសីហនុ ក៏បាន​ចោទប្រកាន់​មនុស្ស ៧​នាក់ ជា​ជន​ជាតិចិន និង​ជនជាតិខ្មែរ ដែលជា​អ្នកទទួលខុសត្រូវ​សាង​សង់​អគារ​នោះ​។ ក្នុងនោះ​វិធានការ​រឹតបន្តឹង ការសាងសង់ រួមទាំង​ការពិនិត្យ​គុណភាព​អគារ​សំណង់ ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ក៏ត្រូវ បាន​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដាក់ចេញ​ផង ដែរ​។​

​យ៉ាងណាក៏ដោយ ការបាក់​រលំ​អគារ ដែល​កំពុង​សាងសង់ នៅ​ខេត្ត​កែប​នេះ​គឺជា​ហេតុការណ៍ ដ៏​គួរ​ឲ្យ​រន្ធត់ បន្ទាប់ពី​ហេតុការណ៍​បាក់​រលំ​អគារ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នេះ ក៏​អាច​បង្ហាញថា វិធានការ​រឹតបន្តឹង និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ខ្ពស់ៗ​ហាក់ដូចជា មិន​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​តឹងរឹង ដោយ​បណ្តោយ​ឲ្យ​ហេតុការណ៍​ដដែលៗ​កើតឡើង​ម្តង​ហើយ ម្តងទៀត​។

​ចំពោះមុខ​នេះ មានតែ​ការរុករក​ជនរងគ្រោះ ដែល​កប់​ក្នុង​គំនរ​បាក់បែក ដើម្បី​សង្គ្រោះ​មុននឹងប្រមុខ​រាជរដ្ឋាភិបាល ដាក់ចេញ​វិធានការ​បន្ថែម​រួមទាំង​ការពង្រឹង​នូវ​ការត្រួត ពិនិត្យ​យន្តការ រឹតបន្តឹង​ការដ្ឋាន​សំណង់​ទាំងនោះ ដើម្បី​កុំ​ឲ្យ​ហេតុការណ៍​បាក់​រលំ​អគារ​កំពុង​សាងសង់​ដូច្នេះ កើត​ឡើងជា​លើក​ទី​៣៕ ដោយ​៖ ម៉េង​ឆៃ​