គាត់បានរួចផុតពីការប៉ុនប៉ងធ្វើឃាតជាច្រើនលើកតែ កាសេម សីឡេម៉ានី បានទទួលការព្រមានតិចតួចពីកាំជ្រួចពិឃាតដែលបានផ្តោតលើរថយន្តរបស់លោកនៅពេលលោកចាកចេញពីអាកាសយានដ្ឋានក្រុងបាដាតកាលពីដើមថ្ងៃសុក្រទី០៣មករាឆ្នាំ២០២០។
ដ្រូនសម្លេងស្ងាត់បំផុតរបស់អាម៉េរិកមួយMQ-9 Reaper បានបាញ់កាំជ្រួចHellfir(ភ្លើងនរក)បញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្សែរសំដៅក្បួនរថយន្តមានរថយន្ត២គ្រឿង ដោយបានសម្លាប់មេបញ្ជាការកងកម្លាំងគូត ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី និងបក្ខពួករបស់គាត់ប្រមាណ១០នាក់ទៀត។
សេតវិមានបាននិយាយថា ការវាយប្រហារនេះធ្វើឡើងតាមបញ្ជាពីប្រធានាធិបតី ដូណាល់ ត្រាំដោយមិនបានឆ្លងកាត់សភាឬអោយសម្ពន្ធមិត្តណាដឹងមុនឡើយសូម្បីតែអង់គ្លេស ក្រោយទទួលរបាយការណ៍ថា បុរសនេះកំពុងធ្វើផែនការវាយប្រហារលើអ្នកការទូតអាម៉េរិក។
ក្នុងដំណើរមកពីស៊ីរី កាសេម សូឡេម៉ានី ត្រូវបានស្វាគមន៍ដោយ អាប៊ី ម៉ាឌី អាល់-មូហាន់ឌីសមេបញ្ជាការរងនៃកងជីវពលគាំទ្រអ៊ីរ៉ង់មួយនៅអ៊ីរ៉ាក់។រថយន្តToyotaពីរគ្រឿងស្ថិតក្នុងក្បួនរថយន្តចេញពីអាកាសយានដ្ឋានតែពួកគេទាំងពីរនិងជំនួយការជាន់ខ្ពស់បានស្ថិតក្នុងរថយន្តមួយហើយពួកអង្គរក្សបានស្ថិតក្នុងរថយន្តមួយទៀតក្នុងពេលរងការវាយប្រហារ។
គេអាចស្គាល់ខ្មោចរបស់កាសេម សូឡេម៉ានី តាមរយៈចិញ្ចៀននៅនឹងម្រាមដៃរបស់គាត់តែប៉ុណ្ណោះ ដោយសារសាកសពខ្ទេចខ្ទីរជាមួយនឹងរថយន្តក្រោយរងកម្លាំងគ្រាប់កាំជ្រួច«ភ្លើងនរក»។
មេបញ្ជាការតំបន់ម្នាក់បាននិយាយថា រថយន្តដឹកសូឡេម៉ានី រងកាំជ្រួច២គ្រាប់និងរថយន្តមួយទៀតត្រូវមួយគ្រាប់និងថារថយន្តទាំង២រងការបាញ់ប្រហារពីដ្រូនប្រមាញ់-ពិឃាតធុនMQ-9 Reaperដែលត្រូវបានបញ្ជូនចេញពីបញ្ជាការដ្ឋានកណ្តាលអាម៉េរិកនៅប្រទេសកាតា។
បញ្ជាដោយអ្នកជំនាញ២នាក់ពីចម្ងាយរាប់រយគីឡូម៉ែត្រ យន្តហោះដ្រូនអាចវាយប្រហារចំគោលដៅល្អហើយអាចថតបញ្ជូនរូបភាពនៃការវាយប្រហារទៅកាន់ពួកមេបញ្ជាការនៅកន្លែងផ្សេងៗនៅលើពិភពលោក។Reaper តំលៃ៦៤លានដុល្លារនេះ អាចបំពាក់កាំជ្រួចHellfireចំនួន៤ដើម ដែលអាចបំផ្លាញរថក្រោះ រួមជាមួយនឹងគ្រាប់បែកPaveway។
អ្នកជំនាញអាកាសចរណ៍បានអោយដឹងថា ការហោះរបស់ដ្រូននេះស្ងាត់ណាស់ ជាហេតុនាំអោយជនរងគ្រោះរបស់វាពិបាកដឹងវត្តមានរបស់វា ឬមិនមានការព្រមានពីដំណើរចូលមករបស់វា។
តាមពិតការវាយប្រហារដោយដ្រូននេះពឹងលើព័ត៌មានចារកម្មលម្អិត ហើយសូឡេម៉ានីត្រូវបានតាមដានជាប្រចាំដោយកងកម្លាំងអាម៉េរិក អារ៉ាប៊ី សាអូឌីត និងអ៊ីស្រាអែល។
កាសែតញូវយ៉កថែមស៍ បាននិយាយថា ក្រសួងការពារជាតិអាម៉េរិកបានប្រើព័ត៌មានសម្ងាត់បំផុតពីអ្នកយកការណ៍ ឧបរណ៍ចាប់សញ្ញាអេឡិចត្រូនិក យន្តហោះឈ្លបយកការណ៍ និងតិចនិកស៊ើបការណ៍ផ្សេងៗដើម្បីតាមដានចលនារបស់ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះ៕ប្រែសម្រួល៖វាសនា