ក្រុមអ្នកជំនាញព្រមានថាការសម្រេចចិត្តរបស់តួកគីក្នុងការអនុម័តលើការដាក់ពង្រាយកងទ័ពទៅលីប៊ី គឺ ប្រថុយធ្វើឱ្យប្រទេសអាហ្វ្រិកខាងជើងមួយនេះផុងកាន់តែជ្រៅទៅក្នុងសង្គ្រាមប្រុកស៊ី (Proxy) យកស្ទីលតាមស៊ីរី រវាងមហាអំណាចក្នុងតំបន់រួមទាំងរុស្ស៊ី។

ប្រទេសលីប៊ីបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីការបះបោរគាំទ្រដោយណាតូក្នុងឆ្នាំ ២០១១ បានផ្តួលរំលំមេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វី ស្របពេលរដ្ឋបាលជាគូប្រជែងនឹងគ្នានៅភាគខាងកើតនិងខាងលិចលីប៊ីកំពុងច្បាំងគ្នាដណ្តើមឧត្តមភាព។

តួកគីនិងកាតាបានគាំទ្ររដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅក្នុងរដ្ឋធានីទ្រីប៉ូលី ដែលរងការវាយប្រហារជាប់លាប់ចាប់តាំងពីខែមេសាពីកងកម្លាំងរបស់បុរសខ្លាំងខាងយោធា គឺ ឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វថា។

ហាហ្វថា ដែលខ្លាំងខាងជើងអាកាស ត្រូវបានគាំទ្រដោយគូប្រជែងក្នុងតំបន់របស់តួកគី គឺ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និង អារ៉ាប់រួមអេមីរ៉ាត។

កាលពីថ្ងៃព្រហស្បតិ៍ទី២មករា សមាជិកសភាតួកគីបានអនុម័តច្បាប់មួយ ដែលអនុម័តដល់ការដាក់ពង្រាយយោធានៅក្នុងប្រទេសលីប៊ីដើម្បីជួយដល់រដ្ឋាភិបាល GNA ដែលកំពុងរងគ្រោះ។

ពុំទាន់មានកាលបរិច្ឆេទណាមួយសម្រាប់ការដាក់ពង្រាយកងទ័ពនៅឡើយទេ ដែលវានឹងទាញរបបក្រុងអង់ការ៉ាធ្លាក់កាន់តែជ្រៅក្នុងជម្លោះមួយ ដែលក្នុងកងកម្លាំងរបស់លោកហាហ្វថា ដែលប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមជិតស្និទ្ធនឹងទីក្រុងអង់ការ៉ា មានប្រៀបខ្ពស់ជាង។

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា អង់ការ៉ាបានបញ្ជូនដ្រូនដល់រដ្ឋាភិបាល GNA រួចហើយ។

របាយការណ៍ខ្លះបានលើកឡើងថាទីក្រុងអង់ការ៉ាបានបញ្ជូនក្រុមឧទ្ទាមស៊ីរីមួយចំនួន ដែលដឹកនាំអន្តរាគមន៍របស់តួកគីប្រឆាំងនឹងកងជីវពលឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីខែតុលា។

ទន្ទឹមនឹងនេះ កងទ័ពរបស់លោកហាហ្វថាតាមដឹងបានទទួលការគាំទ្រពីទាហានស៊ីឈ្នួលរុស្ស៊ីរាប់រយនាក់មកពីក្រុមយោធាឯកជនឈ្មោះ Wagner ដែលគេជឿថាគ្រប់គ្រងដោយសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីវ៉្លាឌីមៀរ ពូទីន។

រុស្ស៊ី ដែលអន្តរាគមន៍យោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី បានជួយបង្វែរប្រៀបឈ្នះមកខាងលោកប្រធានាធិបតីបាសា អាល់អាសាដ វិញក្នុងឆ្នាំ ២០១៥ បានបដិសេធការបញ្ជូនទាហានស៊ីឈ្នួលទៅកាន់ប្រទេសលីប៊ី។

ប៉ុន្តែប្រេសិតលីប៊ីប្រចាំអង្គការសហប្រជាជាតិលីប៊ី លោក ហ្គាសសាន សាឡេម (Ghassan Salame) និយាយដោយគាត់ឯងថា ទាហានស៊ីឈ្នួលរបស់រុស្ស៊ីកំពុងធ្វើប្រតិបត្តិការជាក់ស្តែងនៅលីប៊ី និងបានចោទប្រកាន់ប្រទេសមួយចំនួនថាបានរំលោភលើបម្រាមលក់អាវុធរបស់អង្គការសហប្រជាជាតិឆ្នាំ ២០១១ លើប្រទេសលីប៊ី។

  • “អាវុធមកពីគ្រប់ទិសទី”

លោកសាឡេមបានរិះគន់ការជ្រៀតជ្រែករបស់បរទេសនៅក្នុងជម្លោះលីប៊ី ដែលបានប្រែក្លាយប្រទេសនេះទៅជាជម្រកសុវត្ថិភាពសម្រាប់ក្រុមជីហាដនិងពួករត់ពន្ធជនចំណាកស្រុក។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍មួយកាលពីចុងខែវិច្ឆិកាថា “អាវុធមកពីគ្រប់ទិសទី” ដោយចោទប្រកាន់ថា “ភាគីពីខាងក្រៅ” បានបណ្តាលឱ្យមានការកើនឡើងនៃការស្លាប់ជនស៊ីវិលតាមរយៈការវាយប្រហារដោយដ្រូន។

លោក ចាឡែល ហាកៅអ៊ុយ (Jalel Harchaoui) អ្នកស្រាវជ្រាវអំពីលីប៊ីនៅវិទ្យាស្ថាន Clingendael Institute នៅប្រទេសហូឡង់បានប្រាប់ AFP ថា ដូចជម្លោះនៅស៊ីរីដែរ សង្គ្រាមលីប៊ីបានវិវត្តទៅជាការប្រជែងអំណាចដ៏ស្មុគស្មាញរវាងទីក្រុងអង់ការ៉ានិងមូស្គូ ដែលមិនមែនជាសម្ព័ន្ធមិត្តនឹងគ្នាទេ ប៉ុន្តែពេលខ្លះមានផលប្រយោជន៍ដូចគ្នាក្នុងប្រទេសលីប៊ី។

រុស្ស៊ីនិងតួកគីគាំទ្រភាគីប្រឆាំងផ្សេងៗគ្នានៅក្នុងសង្គ្រាមស៊ីវិលស៊ីរីប៉ុន្តែរួមគ្នាបើកកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ដែលបានសម្លាប់ចោលទាំងស្រុងនូវកិច្ចចរចាឧបត្ថម្ភដោយអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ពីដំបូងមូស្គូបានឈរឱបដៃមើលសិនខណៈដែលអង់ការ៉ាធ្វើអន្តរាគមន៍ប្រឆាំងនឹងក្រុមឧទ្ទាមឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីខែតុលា ដោយអនុញ្ញាតឱ្យអង់ការ៉ាគូសវាសតំបន់ទ្រនាប់នៅតាមបណ្តោយព្រំដែនរបស់ខ្លួន មុនពេលបើកកិច្ចចរចាបទឈប់បាញ់។

លោកសាឡេមបានប្រាប់កាសែត Le Monde របស់បារាំងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា “តើអាចមានរឿងស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសលីប៊ីដែរទេ? ចម្លើយរបស់ខ្ញុំគឺអាច”។

លោកហាកៅអ៊ុយបានកត់សម្គាល់ថា មិនដែលមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងតួកគីនិងរុស្ស៊ីនៅលើទឹកដីស៊ីរីទេ ហើយបានព្យាករណ៍ថា ពួកគេក៏នឹងចៀសវាងការប្រឈមមុខគ្នាដោយផ្ទាល់នៅក្នុងប្រទេសលីប៊ីដូចគ្នាដែរ។

  • “លោកខាងលិចឈរមើលមិនធ្វើអ្វីសោះ”

ទន្ទឹមនឹងនេះដែរ អឺរ៉ុបបានបន្ទាបតួនាទីរបស់ខ្លួនទៅជាអ្នកឈរមើលក្នុងសង្គ្រាមដែលបានសម្របសម្រួលដល់ការរត់ពន្ធជនចំណាកស្រុកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីលីប៊ីទៅអឺរ៉ុប។

ការប៉ុនប៉ងរបស់ប្រធានាធិបតីបារាំងលោកអេមម៉ានូអែល ម៉ាក្រុងដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ដោយការអញ្ជើញលោកហាហ្វថាទៅពិភាក្សានៅទីក្រុងប៉ារីសជាមួយរដ្ឋាភិបាល GNA ក្នុងឆ្នាំ ២០១៧ បានក្លាយជារឿងអស្សាបង់។

ខណៈបារាំងដកថយចេញពីការប៉ុនប៉ងស្រមុះស្រមួលរបស់ខ្លួនបន្ទាប់ពីមានការរិះគន់ពីភាពលម្អៀងរបស់ខ្លួនចំពោះក្រុមរបស់លោកហាហ្វថានោះ ប្រទេសអាល្លឺម៉ង់បានឈានជើងចូលមកបំពេញចន្លោះប្រហោងនេះវិញម្តង។

រដ្ឋាភិបាលក្រុងបែរឡាំងបានអញ្ជើញតួអង្គសំខាន់ៗក្នុងតំបន់ចូលរួមសន្និសីទដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅទីក្រុងបែរឡាំង ដែលគ្រោងនឹងធ្វើនៅខែមករា។

ដោយនិយាយបញ្ឈិតបញ្ឆៀងទៅរកសន្និសិទមួយដែលអាម៉េរិក សូវៀត និងចក្រភពអង់គ្លេសជាអ្នកសម្រេចលើសណ្តាប់ធ្នាប់នៅអឺរ៉ុបក្រោយសង្គ្រាមលោកឆ្នាំ១៩៤៥ លោកហាកៅអ៊ុយបានព្យាករណ៍ថា “លោកខាងលិចមិនបានដឹកនាំធ្វើចំណាត់ការអ្វីទេនៅក្នុងប្រទេសលីប៊ី។ រុស្ស៊ីនិងតួកគីនឹងសម្រេចចិត្តដោយខ្លួនពួកគេចំពោះលីប៊ី”។

លោកហាកៅអ៊ុយបានបន្ថែមថា មូស្គូនិងអង់ការ៉ាកំពុងធ្វើប្រតិបត្តិការដោយសន្មត់ថាសហរដ្ឋអាម៉េរិកដែលបានដកកងទ័ពមួយចំនួនចេញពីស៊ីរីនិងអាហ្វហ្គានីស្ថាន បានបាត់វត្តមានពីលីប៊ីទៅហើយ។

សម្រាប់លោកអេមម៉ាដេតឌីន បាឌី អ្នកជំនាញនៃវិទ្យាស្ថានមជ្ឈិមបូព៌ានៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា គោលបំណងរបស់តួកគី គឺ “បង្ខំឱ្យមានដំណោះស្រាយនយោបាយដែលធានានូវការរស់រានមានជីវិតរបស់រដ្ឋាភិបាល GNA” និង ការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងប្រទេសលីប៊ី។

ក្នុងខែវិច្ឆិកា អង់ការ៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែនសមុទ្រជាមួយរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដែលធ្វើឱ្យក្រិកនិងស៊ីពខឹងសម្បារជាខ្លាំងចំពោះការបែងចែកតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើតដ៏សម្បូរធនធានរវាងខ្លួនឯងនិងលីប៊ី។

លោកណាថាន វ៉េស អ្នកជំនាញអំពីមជ្ឈិមបូព៌ានៅវិទ្យាស្ថាន Rand Corporation របស់អាម៉េរិក បានពិពណ៌នាកិច្ចព្រមព្រៀងនេះថាជាផ្នែកមួយនៃ “ការប្រកួតប្រជែងគ្នាកាន់តែទូលំទូលាយសម្រាប់ការចែកធនធាននិងឥទ្ធិពលនៅសមុទ្រមេឌីទែរ៉ាណេខាងកើត”៕ ដោយ៖ កញ្ញាដាលីស

កងទ័ពរបស់ GNA កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរបស់លោកហាហ្វថានៅទីក្រុងទី្រប៉ូលី