ដោយៈមូលសម្បត្តិ/ភ្នំពេញ៖លោកថោងខុនជឿជាក់ថាព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនឹងបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគឱ្យមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាថែមទៀត។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមថាតាមរយៈព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ឆ្នាំ២០២០ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤=៦ខែមករាឆ្នាំ២០២០នេះនឹងជួយបង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍សក្ដានុពលទេសចរណ៍ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកវិនិយោគមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើនខណៈតំបន់ឆ្នេរសមុទ្រកម្ពុជាក៏កំពុងមានការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវ។
លោកថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ នៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុងកាលពីរសៀលថ្ងៃទី៣ ខែមករានេះ។គោលបំណងនិងអត្ថប្រយោជន៍មួយចំនួនដែលកម្ពុជារំពឹងទទួលបានតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយនេះ ក្នុងនោះរួមមាន៖
*គោលបំណងទី១៖ដោយផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពស្ថិរភាពនយោបាយនិងមានការរីកចម្រើនលើគ្រប់វិស័យ។ក្នុងនោះវិស័យទេសចរណ៍ក៏បានក្លាយជាសសរទ្រូងមួយដ៏ចម្បងនៃខឿនសេដ្ឋកិច្ចកម្ពុជា។
បច្ចុប្បន្នតំបន់ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនិងមានភាពទាក់ទាញសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍និងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្តដែលពោរពេញទៅដោយផលិតផលទេសចរណ៍ដ៏សម្បូរបែប។ពិសេសឆ្នេរខ្សាច់កោះធនធានក្រោមសមុទ្រ តំបន់អេកូទេសចរណ៍និងតំបន់វប្បធម៌-បេតិកភណ្ឌជាដើម។ការរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកនេះក៏នឹងចូលរួមបង្ហាញពីការរីកចម្រើនរបស់កម្ពុជាដែលជាសមិទ្ធផលនៃសន្តិភាពផងដែរ»។
*គោលបំណងទី២៖ដើម្បីបង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន។ព្រឹត្តិការណ៍នេះក៏អាចនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពប្រកបដោយភាពច្នៃប្រឌិតស្របនឹងទីផ្សារបែបទំនើបនាពេលបច្ចុប្បន្ន។
*គោលបំណងទី៣៖គឺដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សក៏ដូចជាជួយពង្រឹងសមត្ថភាពដល់សហព័ន្ធទោចក្រយានកម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣និងសម្រាប់សម្រាប់ព្រឹត្តិការណ៍នានានៅថ្ងៃអនាគតផងដែរ។លោកក៏បានផ្ដល់ជាអនុសាសន៍សម្រាប់សហព័ន្ធទោចក្រយានកម្ពុជាផងដែរថានេះជាឱកាសមួយដ៏ល្អសម្រាប់សហព័ន្ធទោចក្រយានកម្ពុជាត្រូវចាប់យកបទពិសោធន៍ដ៏ល្អ។
ព្រោះការរៀបចំគឺមានកិច្ចសហការល្អពីសហព័ន្ធប្រណាំងកង់អន្តរជាតិហើយក៏មានការចូលរួមត្រួតពិនិត្យពីលោកវ៉ែនណេហ្វូម៉ារីអូ(WaynePomari)ប្រធានស្នងការគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកជាមួយលោកប្រ៊ុយណូប៊ូដាដ(BrunoBodard)អគ្គនាយកក្លិបឆ្នេរស្អាតជាងគេបំផុតលើពិភពលោកផងដែរ។នាថ្ងៃទី៤ខែមករានេះក្បួនប្រណាំងកង់ពិភពលោកនឹងចេញដំណើរពីរមណីយដ្ឋានតារាសាគរឆ្ពោះទៅក្រុងខេមរភូមិន្ទ(ទីរួមខេត្តកោះកុង)ដែលមានចម្ងាយសរុបប្រមាណ១៥៣.៥គីឡូម៉ែត្រ៕S/