នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្កត់ ម័ររីសុនបានប្រកាសថាកងទ័ពចំនួន៣.០០០ នាក់នឹងត្រូវបានបញ្ជូនទៅដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅទូទាំងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី លីនដា រ៉ៃណុល បាននិយាយថានេះជាលើកដំបូងហើយដែលមានការបញ្ជូនទ័ពបែបនេះនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។
សីតុណ្ហភាពត្រូវបានរំពឹងថានឹងឡើងខ្ពស់ជាង៤០ អង្សាសេ នៅផ្នែកខ្លះនៃតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះនិងក្រុមមន្ត្រីបានព្រមានថាវាត្រូវបានគេគិតថាជាថ្ងៃគ្រោះថ្នាក់។
ចាប់តាំងពីខែកញ្ញាមក ភ្លើងឆេះព្រៃនៅអូស្ត្រាលីបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣ នាក់។មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួនហើយផ្ទះប្រមាណជា ១.៥០០ ខ្នងត្រូវបានបំផ្លាញដោយរដូវភ្លើងឆេះព្រៃនេះ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃសៅរ៍នេះ លោកស្កត់ ម័ររីសុនបានប្រាប់អ្នកសារព័ត៌មានថា”យើងបានឃើញគ្រោះមហន្តរាយនេះកើនឡើងដល់កម្រិតថ្មីដ៏គ្រោះថ្នាក់”។
លោក ក៏បានប្រកាសផងដែរថាទឹកប្រាក់ ២០លានដុល្លារអូស្ត្រាលីត្រូវបានត្រៀមបម្រុងសម្រាប់ជួលយន្តហោះទម្លាក់ទឹកពន្លត់ភ្លើងចំនួន៤ គ្រឿង។
ក្រុមអាជ្ញាធរនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីកំពុងត្រៀមសម្រាប់សីតុណ្ហភាពខ្ពស់និងខ្យល់បក់ខ្លាំងនៅចុងសប្តាហ៍ដែលកំពុងគំរាមកំហែងដល់ស្ថានភាពភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនៅទូទាំងប្រទេសនេះ៕ប្រែសម្រួល៖សុខា/sn
ប្រជាជនអូស្ត្រាលីដែលជាប់ក្នុងភ្លើងព្រៃ ត្រូវបានជម្លៀសតាមនាវាចម្បាំងនៃកងទ័ពអូស្ត្រាលី
ផ្សែងបង្កពីភ្លើងព្រៃនៅអូស្ត្រាលីប្រែក្លាយពេលថ្ងៃទៅជាយប់ ឬស្ថានភាពដូចសូរគ្រាស