បងប្អូនបង្កើត ៣ នាក់នៅខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន បានចូលអុកឡុកបុណ្យសពឪពុក និងថែមទាំងវាយដំសពគួរឱ្យហួសចិត្ត បង្កការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនឱ្យដឹងថា បងប្អូនបង្កើតទាំង ៣នាក់ខឹងនឹងឪពុករបស់ពួកគេណាស់ ហើយបានទាញសពចេញពីមឈូស រួចវាយដំទៅលើសព។
ម្នាក់ក្នុងចំណោមពួកគេបានស្រែកទាំងកំហឹងថា “ពេលនៅរស់ ប៉ាឯងធ្វើបាបខ្ញុំណាស់។ ទោះប៉ាឯងស្លាប់ទៅហើយ ក៏ខ្ញុំមិនឱ្យប៉ាឯងស្លាប់ទៅបានស្ងប់ដែរ”។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថាអ្នកស្លាប់ដែលមិនត្រូវបានបញ្ចេញឈ្មោះបានបោះបង់ ចោលប្រពន្ធ និងកូនៗទាំង ៣ កាលពី ៤០ ឆ្នាំមុន បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយ ស្ត្រីម្នាក់រស់នៅក្នុងភូមិជាមួយគ្នា។
បន្ទាប់ពីបុរសវ័យ ៧២ ឆ្នាំរូបនេះទទួលមរណភាពដោយសារជំងឺកាលពីពេលថ្មីៗនេះស្ត្រីជា ប្រពន្ធក្រោយបានសុំឱ្យកូនៗប្រពន្ធដើមចេញលុយធ្វើបុណ្យសពឪពុករបស់ពួកគេទើបបាន ជាមានជម្លោះបែបនេះកើតឡើង។
ទោះជាយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយកាសែត Beijing Youth Daily បុរសម្នាក់ដែលជាកូន ធម៌អ្នកស្លាប់បានចេញមុខបកស្រាយថា តាមពិតគឺគាត់ទេដែលជាអ្នករ៉ាប់រងការចំណាយ ផ្សេងៗក្នុងពិធីបុណ្យសពនេះ មិនមែនកូនៗបង្កើតរបស់គាត់ឡើយ។
ប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា ពិតជាមានករណីកូនៗអុកឡុកបុណ្យសពឪពុក និងប្រមាថ សពមែន ហើយកំពុងស៊ើបអង្កេតករណីនេះ។
សូមបញ្ជាក់ថា យោងតាមច្បាប់ក្នុងប្រទេសចិន អ្នកដែលជាប់ចោទពីបទអុកឡុកបុណ្យសព និងប្រមាថសពបែបនេះត្រូវប្រឈមការជាប់ពន្ធនាគារដល់ទៅ ៣ ឆ្នាំ៕ ប្រែសម្រួលៈ ខុម