​ក្មេងប្រុស​អាយុ​ទើប​ជាង​មួយ​ខួប ជា​កូន​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ម្នាក់ ដែល​បាន បាត់បង់​ជីវិត​គួរឱ្យ​សោក​ស្ដាប​ក្នុង​បេសកកម្ម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី បាន ទទួល​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជំនួស​ឪពុក​របស់ខ្លួន​ក្នុង​ពិធីបុណ្យ​សព​ដ៏​រំជួលចិត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមករា​។​

​កុមារា ហា​វី ឃី​ថុ​ន (Harvey Keaton) ដែលមាន​អាយុ​ទើបតែ ១៩​ខែ​ឈរ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​ទឹកមុខ​ស្រពាប់​ស្រពោន នៅពេល​ប្រធាន​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បំពាក់​មេដាយ កិត្តិយស​សម្រាប់​ភាព​អង់អាច​ក្លាហាន និង​ការបំពេញ​បេសកកម្មរ​បស់​ឪពុក​ខ្លួន​។

​សូមបញ្ជាក់ថា លោក ចូ​ហ្វ​ហ្វ្រី ឃី​ថុ​ន (Geoffrey Keaton) វ័យ ៣២​ឆ្នាំ​ដែលជា​ឪពុក​របស់ ក្មេង​នេះ គឺជា​ភ្នាក់ងារ​ម្នាក់​ក្នុងចំណោម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត ៣​នាក់​ដែល​បាន បាត់បង់​ជីវិត​ក្នុង​បេសកកម្ម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។

​លោក ចូ​ហ្វ​ហ្វ្រី ឃី​ថុ​ន និង​មិត្ត​រួមការ​ងារ​ម្នា​ក់បាន​បាត់បង់​ជីវិត​គួរឱ្យ​សោកស្ដាយ​កាលពី​ខែ​មុន នៅពេល​ដើមឈើ​មួយ​ដើម​ដែល​ត្រូវ​ភ្លើង​ឆេះ​បាន​រលំ​សង្កត់​លើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ពួកគេ ចំណែកឯ​ភ្នាក់ងារ​ម្នាក់ទៀត​បាន​បាត់បង់​ជីវិត​នៅ​សប្ដាហ៍​នេះ​៕ ប្រែ​សម្រួលៈ ខុម