ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានប្រកាស​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​និង​អ្នករងរបួស​នៅក្នុង​ករណី បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ដោយ​សព​ជនរងគ្រោះ​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​ដុល្លារ​និង​បន្ថែម​ ១០​ លាន​រៀល​ទៀត​សម្រាប់​ពិធី​បុណ្យសព​ខណៈដែល​អ្ន​ក​រងរបួស​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​ដុល្លារ​។​

​ការប្រកាស​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ០៤ ខែមករា សម្ដេច​តេ​ជោ ហ៊ុន សែន​បានប្រកាស​បែបនេះ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ថា​៖«​ដើម្បី​សម្រាល​នៅ​ការ លំបាក​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នករបួស​និង​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់​ខ្ញុំ​សម្រេច​ជួយឧបត្ថម្ភ​អ្នករបួស​ក្នុង​ម្នាក់ ៤០​លាន​រៀល​ស្មើនឹង​១​ម៉ឺន​ដុល្លារ ។​សម្រាប់​អ្នក ស្លាប់​សាកសព​មួយ​ថវិកា​ចំនួន ២០០ លាន​រៀល​ស្មើនឹង ៥ ម៉ឺន​ដុល្លារ​និង​បន្ថែម ១០​លាន​រៀល​សម្រាប់​បុណ្យសព​និ​មួយៗ ។ ថវិការដ្ឋ​និង​ថវិកា​សប្បុរសជន ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការងារ​នេះ ។ ជំនួយការ​ខ្ញុំ​លោក សេង ទៀង នឹង​យក​ថវិកា​ទៅដល់​ផ្ទះ​នៃ​គ្រួសារ​សព​»​។​

​គួរ​ជម្រាប​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ​ជនរងគ្រោះ ២៥ នាក់​ត្រូវបាន​រកឃើញ​ក្នុងនោះ​ស្លាប់ ៧ នាក់​ខណៈ​ក្រុមការងារ​សង្គ្រោះ​កំពុង​បន្ត​ប្រតិបត្តិការ​គាស់​រំលើង​ផ្ទាំង បេតុង​កាត់​ស​សៃ​ដែក​រុករក​ជនរងគ្រោះ​បន្តទៀត ៕​