ខ្សែការពារ ដេវីដ ល្វី​ស (David Luiz) បាន​គាំទ្រ​គ្រូបង្វឹក​ថ្មី​លោក មី​គែល អា​តេ​តា (Mikel Arteta) ថា ជា​គ្រូបង្វឹក​ដ៏​ស័ក្តិសម​សម្រាប់​ការងារ​នេះ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម អា​សេណ​ល​(Arsenal)​ឈ្នះ​ជា​លើកដំបូង ប៉ុន្តែ​សារភាពថា ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ប្រសើរឡើង​។​
​ ​
លោក អា​តេ​តា បាន​ដឹកនាំ​ក្រុម​របស់លោក​ឈ្នះ ២-០ លើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​កាល ពី​យប់​ថ្ងៃ​ពុធ និង​ជា​ជ័យជម្នះ​លើកដំបូង​នៅ​ពហុកីឡាដ្ឋាន Emirates Stadium ចាប់​តាំង ពី​ដើមខែ​តុលា​មក​។​
​ ​
​កីឡាករ នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) និង សូ​ក្រា​ទី​ស (Sokratis) រកបាន​គ្រាប់​បាល់​ឈ្នះ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​តង់​ទៅមួយ ស្របពេល​ខ្សែការពារ ល្វី​ស បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ របស់ខ្លួន​។​
​ ​
ល្វី​ស បាន​និយាយថា “​វា​ពិតជា​អស្ចារ្យ​មែនទែន​។ យើង​ត្រូវតែមាន​ការអត់ធ្មត់​និង​ទទួលស្គាល់ ថា យើង​មិនបាន​ត្រៀមខ្លួន​គ្រប់គ្រាន់​នៅឡើយ​។ ក្រុម​ស្ថិតក្នុង​ដំណាក់កាល​ផ្លាស់ប្តូរ​ច្រើន​។ យើង​នឹងធ្វើ​រឿង​ល្អ​នាពេល​អនាគត ប៉ុន្តែ​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​”​។​
​ ​
ល្វី​ស បាន​សារភាពថា ខ្លួន​ជឿថា លោក អា​តេ​តា អតីត​ជំនួយការ​គ្រូបង្វឹក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី គឺជា​គ្រូបង្វឹក​ដ៏​ស័ក្តិសម​នឹង​ការងារ​នៅ​ពហុ​កីឡដ្ឋាន Emirates ។

​ល្វី​ស បាន​បន្តថា “ ខ្ញុំ​គិតថា មី​គែល គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​។ គាត់​ស្គាល់​ច្បាស់​ពី​បាល់ទាត់​។ គាត់​អាច​កែលម្អ​គ្រប់​កីឡាករ​ទាំងអស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក មី​គែល អា​តេ​តា (Mikel Arteta)