ក្លិបវេស ហេម( West Ham )ត្រៀមដាក់សំណើ១៧លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធ ហ្គាប្រ៊ីល បាបូសា (Gabriel Barbosa) របស់ក្លិប អ៊ីនធ័រ មីលេន(Inter Milan) ។
បច្ចុប្បន្នកីឡាករវ័យ២៣ឆ្នាំរូបនេះលេងខ្ចីជើងនៅក្លិប Flamengo ហើយក្លិបប្រេស៊ីលនេះបាន អះអាងថា បានត្រៀមកិច្ចសន្យាដើម្បីផ្ទេរជាអចិន្ត្រៃយ៍តែម្តង។
ប៉ុន្តែក្លិប Inter Milan អះអាងថា វាមិនមែនជាការពិតទេ ហើយថា ពួកគេចង់លក់កីឡាកររូបនេះ ទៅឲ្យក្លឹបផ្សេងដែលមានតម្លៃខ្ពស់ជាងនេះ។ កន្លងមកកីឡាករ បាបូសា បានបង្ហើបប្រាប់ថា ខ្លួនមានចេតនាចង់លេងនៅក្របខណ្ឌព្រីមីញ៉េលីក ហើយចាប់អារម្មណ៍ចង់ចូលរួមជាមួយក្លិប Liverpool ។
បាបូសា ដែលរកបាន៤៣គ្រាប់ក្នុង៥៦ប្រកួតសម្រាប់ក្លិប Flamengo នោះក្នុងកិច្ចសន្យាខ្ចី ជើងពីក្លិប Inter Milan ក៏មានវត្តមានក្នុងពេលប្រកួតជាមួយក្រុម លីវឺភូល អំឡុងការប្រកួត ដណ្តើមពានក្លឹបឆ្នើមក្នុងពិភពលោកនៅវគ្គផ្តាច់ព្រ័ត្រផងដែរ ។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញចេតនាចង់ចូលរួមជាមួយមិត្តរួមជាតិ រ៉ូបឺតូ ហ្វឺមីណូ (Roberto Firmino) នៅពហុកីឡដ្ឋាន Anfield ។ បាបូសា បាននិយាយថា “ហ្វឺមីណូ គឺពិតជា អស្ចារ្យ។ ខ្ញុំពិតជាកោតសរសើរគាត់។ គាត់ទទួលបានជោគជ័យច្រើននៅតំបន់អឺរ៉ុប”។
បាបូសា បន្តថា “ហ្វឺមីណូ គឺជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ហើយគឺជាខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល។ គាត់គឺជាកីឡាករដែលអាចយកជាគំរូបាន”៕ ប្រែសម្រួល: ពិសិដ្ឋ