ជនរងគ្រោះ២នាក់ម្ដាយ និងកូនរង របួសដោយបាក់អគារនៅក្រុង​កែប មកព្យាបាល នៅមន្ទីរពេទ្យលោក ​​​​សង្ឃបានទទួលអំណោយពីអភិបាល រាជធានីភ្នំពេញ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដោយការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ ជនរងគ្រោះ២នាក់ម្តាយកូន ដែលបានបញ្ជូនពីទីក្រុងកែប ខេត្តកែប មកព្យាបាលរបួសនៅភ្នំពេញក្រោយពីបាក់រលំអគារបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងស្រាលនោះត្រូវបានអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ខណៈដែលជនរូបគ្រោះ២រូបនេះបាននិងកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ នារាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាលរាជធានីភ្នំពេញតំណាងឱ្យ លោកឃួង ស្រេង អភិ បាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំនេះ បាននាំយកថវិកា ចំនួន ៤ លានរៀល ដែលជាថវិកាផ្ទាល់របស់លោក ឃួង ស្រេង មកប្រគល់ជូនដល់ជនរងគ្រោះឈ្មោះលោកស្រី ជុំ អន ហៅ អូន ភេទស្រី អាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ សាយ ចិត្ត អាយុ១៥ឆ្នាំ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយម្តាយរងរបួសបាក់ឆ្អឹងកំភួនដៃស្តាំ និងឆ្អឹងដើមដៃឆ្វេង។ រីឯ កូនរងរបួសស្រាល ក្រោយពីជនរងគ្រោះទាំង ២រូបនេះ បានរងរបួសយ៉ាងធ្ងន់និងស្រាលក្រោយពីបាក់រលំអាគារកំពស់ ៧ ជាន់នៅទីក្រុងកែប។

ក្នុងឱកាសនោះពួកគាត់ទាំង២នាក់ ម្តាយកូនបានថ្លែងអំណរគុណជាអនេកចំពោះ ការឧបត្ថម្ភថវិការបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

គួររំលឹកថា ករណីបាក់ស្រុតអគារ កម្ពស់៧ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សរាប់សិបនាក់នោះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ នៅជិតវត្តសមាធិ គឺនៅខាងក្រោយស្នងការដ្ឋានខេត្តកែប ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

បើតាមប្រភពគួរឱ្យជឿជាក់មួយបានឱ្យដឹងថា អគារកម្ពស់៧ជាន់នោះបានសុំច្បាប់ សាងសង់កម្ពស់៥ជាន់ ថែមពីលើអគារចាស់ ប៉ុន្តែបែរជាសាងសង់រហូតដល់៧ជាន់ ទើបបណ្តាលឲ្យបាក់សង្កត់កម្មករជាច្រើននាក់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានថវិកា ជាង១លាន៣សែនដុល្លារ ពីសប្បុរសជននានា នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ កម្ពុជា បានប្រកាសបែងចែក ផ្តល់ប្រាក់ឧបត្ថម្ភទាំងនោះ ដល់ជនរងគ្រោះក្នុងករណីបាក់ស្រុតរលំ អគារ៦ជាន់នៅខេត្តកែប។

ក្នុងនោះចំពោះសព ជនរងគ្រោម្នាក់ទទួលបាន៥ម៉ឺនដុល្លារ និង១០លានរៀល សម្រាប់ ពិធីបុណ្យសព។ ចំណែកអ្នករបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់ សម្ដេច យកថវិកាទាំងនោះទៅប្រគល់ជូនដល់ផ្ទះគ្រួសារនៃសព និងដល់ជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular