ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសូមឧទ្ទិសឲ្យ «ទិវាជ័យជន្នះ ៧ មករា » ក្លាយជាការប្តេជ្ញាចិត្តសកល និងអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពិសេស គឺកីឡាករ កីឡាការិនីទាំងអស់យកចិត្តទុកដាក់កសាង និងអភិវឌ្ឍលើគ្រប់វិស័យ។
លោកអភិបាលខេត្តថ្លែងបែបនេះ នៅក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើស ទូទាំងខេត្តដើម្បីអបអរសាទរចូលឆ្នាំសកល និងខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជន្នះ ៧ មករា ១៩៧៩-២០២០ នៅក្នុងកីឡាដ្ឋានខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សូមឲ្យអត្ថន័យ នៃការប្រកួតកីឡាដ៏មានតម្លៃនេះ គឺសូមឲ្យយុវជនគ្រប់រូប ផ្តោតគំនិតមកលេងកីឡាឲ្យបានទាំងអស់គ្នា។ កីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ សតិ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថា ម៉្យាងវិញទៀតលោកក៏សូមផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ វិន័យ និងសីលធម៌ ពេលប្រកួត។
លោកបានមានប្រសាសន៍បន្ថែមថា ដោយមានភាពដ៏មហាអស្ចារ្យ ដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ គឺដោយសារ« ទិវា៧មករា»។ ដូច្នេះលោកសូមឧទ្ទិសឲ្យ«ទិវាជ័យជន្នះ ៧ មករា» ក្លាយជាការប្តេជ្ញាចិត្តជាសកល និងសូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពិសេស គឺកីឡាករ កីឡាការិនីទាំងអស់យកចិត្តទុកដាក់កសាង និងអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានមានប្រសាសន៍បន្តថា ក្នុងនោះមានវិស័យអប់រំ វិស័យសង្គមកិច្ច វិស័យសុខាភិបាល វិស័យកសិកម្ម និងជាពិសេសវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យឲ្យលូតលាស់ព្រមៗគ្នា៕B/