ឥណ្ឌូនេស៊ី កំពុងបង្កើនការល្បាតក្នុងសមុទ្រនិងពីអាកាសនៅបណ្តាកោះនៅជិតសមុទ្រចិនខាងត្បូង ក្រោយពីមានជម្លោះការទូតមួយអំពីការបើកនាវានិងទូកនេសាទចិនចូលក្នុងអ្វីដែលរដ្ឋាភិបាលក្រុងហ្សាការតាអះអាងថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
មន្ត្រីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ទី០៤មករាថា យន្តហោះយោធានិងនាវាចម្បាំង៣គ្រឿងជាមួយនឹងទាហានប្រមាណ៦០០នាក់ ត្រូវបានបញ្ជូនទៅកាន់ដែនទឹកនៅម្តុំកោះ ណាទូណា ជាប់ព្រំដែនសមុទ្រចិនខាងត្បូង។
កន្លងមកឥណ្ឌូនេស៊ី បានឃាត់នាវាចិននៅក្នុងដែនទឹកសំបូរត្រីនេះ។
មេបញ្ជាការទ័ពជើងទឹក ឧត្តនាវី យូដូ ម៉ាហ្គោណូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ការរំលោភដែនទឹកដោយនាវាបរទេសក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខឥណ្ឌូនេស៊ី…ជាការគំរាមមួយដល់អធិបតេយ្យភាពឥណ្ឌូនេស៊ី»។
ចំណាត់ការរបស់ឥណ្ឌូនេស៊ីបានកើតឡើង ក្រោយពីឥណ្ឌូនេស៊ីបានកោះហៅឯកអគ្គរដ្ឋទូតចិននៅសប្តាហ៍នេះ មកស្តាប់ការតវ៉ាប្រឆាំងការដែលនាវាឆ្មាំសមុទ្រចិនមួយបើកអមការពារទូកនេសាទចិនជាច្រើន នៅម្តុំកោះណាទូណាកាលពីពាក់កណ្តាលខែធ្នូ។
រដ្ឋាភិបាលក្រុងប៉េកាំបានតបវិញថា ខ្លួនមាន«សិទ្ធិប្រវត្តិសាស្ត្រ»នៅក្នុងតំបន់នោះ និងថាបណ្តាទូកនេសាទទាំងនោះធ្វើការនេសាទដោយ«ស្របច្បាប់និងសមហេតុផល»។
សូមបញ្ជាក់ថា ចិនអះអាងកម្មសិទ្ធិធំធេងនៅសមុទ្រចិនខាងត្បូង ដោយជាន់ការអះអាងជាកម្មសិទ្ធិផងដែរពីវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់។
ឥណ្ឌូនេស៊ី មិនអះអាងកម្មសិទ្ធិជាន់ជាមួយចិននៅសមុទ្រចិនខាងត្បូងទេ តែថាខ្លួននឹងមិនអត់ឱនចំពោះការទន្ទ្រានចូលរបស់ចិនទេ ដោយអ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីថ្ងៃសៅរ៍ ថា«មិនមានការសម្របសម្រួលទេ អំពីអធិបតេយ្យភាពរបស់ឥណ្ឌូនេស៊ី»៕ប្រែសម្រួល៖វាសនា
ឥណ្ឌូនេស៊ីបង្កើនការល្បាតលើទឹកនិងពីអាកាស នៅម្តុំកោះណាទូណា ជិតសមុទ្រចិនខាងត្បូង