ពួកអ្នកដើរទិញទំនិញនៅថៃបានងាកទៅប្រើកន្ត្រក ធុង បាវ រួមទាំងរទេះរុះដើម្បីនាំទំនិញចេញពីហាងនិងផ្សារនៅពេលក្រុមហ៊ុនលក់រាយភាគច្រើនចាប់ផ្តើមអនុវត្តបំរាមប្រើស្បោងប្លាស្ទិកក្នុងយុទ្ធនាការសម្អាតបរិស្ថានឡើងវិញ។
អាចថាជាការផ្គើនឬមកពីអនុវត្តបំរាមភ្លាមៗរកអ្វីសមរម្យមកជំនួសមិនទាន់ ទើបអ្នកដើរផ្សារជាច្រើនបានបង្ហោះរូបភាពច្នៃប្រឌិតរបស់គេដើម្បីដាក់អីវ៉ាន់ទិញពីហាងពីផ្សារមិនបំពានបំរាម។
បំរាមប្រើថង់(ស្បោង)ប្លាស្ទិក ត្រូវចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំនេះ ដោយផ្សារធំៗនិងហាង7-Eleven ចូលរួមអនុវត្តក្នុងយុទ្ធនាការបរិស្ថាន នៅក្នុងប្រទេសមួយដែលមនុស្សម្នាក់ជាមធ្យមប្រើថង់ប្លាស្ទិក៨ក្នុងមួយថ្ងៃ។
ពួកអ្នកបរិស្ថាននិយម អបអរបំរាមនេះ ដោយចាត់ទុកវាជាការបោះជំហានដ៏សំខាន់មួយ តែថាមានការងារជាច្រើនទៀតត្រូវធ្វើដើម្បីបំបាត់វប្បធម៌ប្រើហើយបោះចោលរាយប៉ាយនាពេលកន្លងមក៕ប្រែសម្រួល៖វាសនា
ខាងក្រោមនេះជារូបភាពខ្លះដែលអ្នកដើរផ្សារថៃប្រើឧបករណ៍ផ្សេងៗក្រៅពីថង់ប្លាស្ទិកដើម្បីដាក់អីវ៉ាន់ពីផ្សារ