​គ្រោង​ចំណាយ​ថវិកាជាតិ​ជាង​៨​ពាន់​លាន​រៀល​សម្រាប់​ជួសជុល​ផ្លូវ​ខូច​ឡើងវិញ​

1339
ចែករម្លែក

​ដោយៈ អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ឆ្នាំ​២០១៨​នេះ គ្រោង​នឹង​ចំណាយ​ថវិកាជាតិ ចំនួន​ជាង​៨​ពាន់​លាន​រៀល ដើម្បី​ជួសជុល​ផ្លូវ​ចំនួន​៣​កន្លែង ដែល​ខូចខាត នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​ប៉ាង សំអាត អនុប្រធាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​សាធារណការ ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្រោង​នឹង​ចំណាយ​ថវិកាជាតិ ចំនួន​ជាង ៨ ពាន់​លាន​រៀល ដើម្បី​ជួសជុល​ផ្លូវ ដែល​ខូច​នៅក្នុង​ខេត្ត មាន​ប្រវែង​សរុប​ចំនួន ៦.៩២០ ម៉ែត្រ​។​

លោក​បាន​បន្តថា ផ្លូវ​ដែល​ត្រូវ​ជួសជុល មាន​កន្លែង​ខ្លះ ក្រាល​កៅស៊ូ និង​កន្លែង​ខ្លះ ដាក់​សរសៃដែក ចាក់​បេតុង​នោះ គឺ​ទី​១ កំណាត់​ផ្លូវជាតិ​លេខ​៦៨ ពី​ច្រកព្រំដែន​អូរ​ស្មាច់ ឆ្ពោះទៅ​ក្រឡាញ់ ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ប្រវែង ៣.២០០ ម៉ែត្រ​, ទី​២ ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្លូវ​លេខ​២៦៨៥ ប្រវែង ២.០៥០ ម៉ែត្រ និង​ផ្លូវ​ចំណោតភ្នំ ចេញពី​ច្រក​អូរ​ស្មាច់ មាន​ប្រវែង ១.៦៧០ ម៉ែត្រ​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា កំណាត់​ផ្លូវ​ទាំង ៣ កន្លែង ដែល​ត្រូវ​ជួសជុល​នោះ គឺ​ខូចខាត​ដោយសារតែ ទី​១ ផ្លូវ​នោះ​ធ្វើ​យូរហើយ​, ទី​២ ដោយសារ​គ្រោះធម្មជាតិ និង​ដឹក​លើស​ទម្ងន់ និង​ទី​៣ គឺ​ការស្ថាបនា​ផ្លូវ កន្លងមក មិនសូវមាន​គុណភាព តាម​ស្តង់ដារ កំណត់​ត្រឹមត្រូវ​។
ចំពោះ​ផ្លូវ​ទាំងនោះ ប្រសិនបើ​មិនមាន​ការជួសជុល ឡើងវិញ​ជាបន្ទាន់​ទេ គឺ​រឹតតែ​ខូចខាត​ខ្លាំង​ឡើង លំបាក​ដល់​អ្នកធ្វើដំណើ​រ ហើយនឹង​ត្រូវ​ចំណាយ​ថវិកា សម្រាប់ធ្វើ​ឡើងវិញ អស់​កាន់តែច្រើន​។​

​លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការជួសជុល​ផ្លូវ​ទាំងនោះ គឺ​បាន​ដំណើរការ ចាប់តាំងពី​ដើមខែ​កុម្ភ​: ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់ ការជួសជុល​ជា​ស្ថាពរ នៅ​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​គាំទ្រ​ចំពោះ ការជួសជុល​ផ្លូវ ដែល​ខូច​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឡើងវិញ​របស់ មន្ទីរ​សាធារណការ​ខេត្ត​។

ការជួសជុល​ផ្លូវ​ទាំងនោះ ឲ្យ​បានល្អ​ឡើងវិញ គឺ​មិន​ត្រឹមតែ​ជួយ​ឲ្យ ប្រជាពលរដ្ឋ ធ្វើដំណើរ​បាន​ស្រួល​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​កាត់បន្ថយ គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើ​រ តាមផ្លូវ​ទាំងអស់នោះ ផងដែរ​៕S/

​គ្រោង​ចំណាយ​ថវិកាជាតិ​ជាង​៨​ពាន់​លាន​រៀល​សម្រាប់​ជួសជុល​ផ្លូវ​ខូច​ឡើងវិញ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម